ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបិទវគ្គបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់សំខាន់ៗចំនួន ៤ ប្រកបដោយជោគជ័យ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

វគ្គបិទថ្ងៃទី២៤ ខែមីនា ផ្តោតលើច្បាប់សមុទ្រ ទេសចរណ៍ តំបន់ការពារធម្មជាតិ និងជលផល។

ខេត្តព្រះសីហនុ៖ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស.) បានបិទវគ្គបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់សំខាន់ៗចំនួន ៤ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ ប៊ុនលៀម អគ្គលេខាធិការរង នៃ គ.ជ.ស.ស. ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃសន្តិសុខតំបន់ និងសកលលោក។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីបង្គោលមកពីស្ថាប័នចម្រុះ បានចូលរួមដើម្បីបង្កើនចំណេះដឹងលើច្បាប់គោលចំនួន ៤ ដែលជាឧបករណ៍យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងដែនសមុទ្រ៖ • អនុសញ្ញា UNCLOS ១៩៨២៖ ផ្តោតលើការយល់ដឹងពីដែនយុត្តាធិការ ដែនសមុទ្រសេដ្ឋកិច្ចផ្តាច់មុខ និងការបែងចែកខ្សែកោងមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ជាតិស្របតាមច្បាប់អន្តរជាតិ។ • ច្បាប់ស្តីពីទេសចរណ៍៖ បង្កើនប្រសិទ្ធភាពគ្រប់គ្រងលំហូរភ្ញៀវទេសចរ ធានាសុវត្ថិភាពតាមបណ្តាកោះ និងឆ្នេរខ្សាច់ ដែលជាសរសៃឈាមសេដ្ឋកិច្ច។ • ច្បាប់ស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ៖ សំដៅអភិរក្សប្រព័ន្ធអេកូឡូស៊ី ផ្កាថ្ម និងព្រៃកោងកាង ដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន។ • ច្បាប់ស្តីពីជលផល៖ ពង្រឹងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (IUU) និងការការពារធនធានមច្ឆជាតិសម្រាប់ចីរភាពស្បៀងអាហារ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ ប៊ុនលៀម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គ.ជ.ស.ស.។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា កំពុងឈានទៅរកការធ្វើទំនើបកម្មវិស័យការពារជាតិ។ “ការយល់ដឹងច្បាស់អំពីក្រមនីតិវិធី មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងរបងការពារអធិបតេយ្យ ប្រឆាំងនឹងអំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ទម្រង់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងវិនិយោគិន”។

វគ្គបញ្ជ្រាបចំណេះដឹងនេះ គឺជាជំហានថ្មីមួយទៀតក្នុងការធានាថា មន្ត្រីបង្គោលរបស់កម្ពុជា នឹងចុះបំពេញបេសកកម្មប្រកបដោយតម្លាភាព វិជ្ជាជីវៈខ្ពស់ និងសន្តិភាព ហើយក៏ជាសារមួយបញ្ជាក់ទៅកាន់តំបន់ថា កម្ពុជាម្ចាស់ការលើសន្តិសុខលម្ហសមុទ្ររបស់ខ្លួនយ៉ាងពេញលេញផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…