ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចំនួន ០៤ ទីតាំង ឃាត់ខ្លួនជនបរទេស ១៧ នាក់ ពាក់ព័ន្ធករណី Online Scam

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ថ្ងៃទី២៥ ខែមីនា មន្ត្រីត្រួតពិនិត្យផ្ទះ២២ខ្នង និងឃាត់ខ្លួនបុរស១៧នាក់នៅទីតាំងមួយក្នុងខណ្ឌច្បារអំពៅ។

ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។

កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យចំនួន ០៤ ទីតាំង សរុប ២២ ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧ នាក់ (ស្រី ១៤ នាក់) មាន ០៦ សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។

តាមការរាយការណ៍របស់សមត្ថកិច្ច ជាលទ្ធផល នៅក្នុងចំណោម ២២ ខ្នងផ្ទះនោះ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែង ស្ថិតនៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧ នាក់ (ប្រុស) ក្នុងនោះរួមមានជនជាតិចិន ចំនួន ១៦ នាក់ (ក្នុងនោះ ១៣ នាក់ គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម ចំនួន ១ នាក់ ហើយបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពឆបោក រួមមាន៖ ទូរសព្ទដៃចំនួន ២៧ គ្រឿង, កុំព្យូទ័រ Laptop ០២ គ្រឿង, ឧបករណ៍បញ្ជា (CPU) ០១ គ្រឿង និង Monitor ០១ គ្រឿង។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ការចុះបង្ក្រាបនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹង អនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្តោះអាសន្ន ខណៈដែលមនុស្សទាំង ១៧ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

ចំពោះអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…