ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងវប្បធម៌ណែនាំអង្គភាពឱ្យសន្សំប្រេង និងអគ្គិសនី

KPS99TV

សេចក្តីសង្ខេប

វិធានការថ្ងៃទី២៥ ខែមីនារួមមានកាត់បន្ថយបេសកកម្ម ប្រជុំតាមអនឡាញ និងសន្សំម៉ាស៊ីនត្រជាក់ និងភ្លើង។ របាយការណ៍ក៏បង្ហាញតម្លៃប្រេងថ្មីពីថ្ងៃទី២៦ ខែមីនា និងស្រង់ការអំពាវនាវរបស់រដ្ឋមន្ត្រីថាមពលឱ្យសន្សំ និងកុំភ័យស្លន់ស្លោ។

ដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាធ្វើឱ្យពិភពលោកក៏ដូចជាប្រទេសកម្ពុជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ ដើម្បីចូលរួមកាត់បន្ថយការចំណាយនិងសន្សំសំចៃប្រេងឥន្ធនៈនិងថាមពលអគ្គនិសនីនាអំឡុងពេលនេះ ក្រសួងវប្បធម៌កម្ពុជា បានណែនាំអង្គភាពចំណុះរបស់ខ្លួនឱ្យចូលរួមសន្សំសំចៃប្រេងឥន្ធនៈនិងថាមពលអគ្គនិសនីទាំងអស់គ្នា។ ការណ៍នេះ ក៏ពាក់ព័ន្ធនឹងការចូលរួមសន្សំសំចៃថវិកាជាតិដែរ។

ក្រសួងវប្បធម៌ នៅថ្ងៃទី២៥ ខែមីនា បានដាក់ចេញវិធានការឱ្យកាត់បន្ថយចំនួនបេសកកកម្ម និងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីចៀសវាងបេសកកម្ម ថែមទាំងកំណត់ឱ្យកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងបិទអំពូលភ្លើងនៅតាមទីកន្លែងដែលមិនចាំបាច់ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ។ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអគ្គិសនីកម្ពុជា ក៏បានដាក់ចេញវិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនីដូចគ្នាដែរ។ ក្រៅពីនេះ ក្រសួង-ស្ថាប័នផ្សេងទៀតក៏អាចដាក់ចេញវិធានការដូចគ្នានេះបន្តទៀតដែរ ប្រសិនបើស្ថានការមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំង។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងថ្មីបានបន្តហក់ឡើង។ ក្នុងនោះតម្លៃសាំងធម្មតាត្រូវលក់ ៥៤៥០រៀលក្នុងមួយលីត្រកើន៥០រៀល និងប្រេងម៉ាស៊ូតបានកើនដល់ទៅ៤០០រៀលត្រូវលក់១លីត្រក្នុងតម្លៃជាង ៧០០០រៀលឯណោះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានចេញមុខអំពាវនាវកាលពីថ្ងៃទី២៣មីនាដែរថា កុំឱ្យពលរដ្ឋភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឱ្យសោះ។ ប៉ុន្តែ ឯកឧត្តម ក៏អំពាវនាវឱ្យមានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ហ្គាស រួមទាំងភ្លើងអគ្គិសនីផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…