អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អះអាងថា ខេត្តកំពុងបន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសការផ្តល់សេវាសុខភាពមានគុណភាព សុវត្ថិភាព និងស័ក្តិសិទ្ធភាពជូនប្រជាពលរដ្ឋ។ ការបញ្ជាក់ដូច្នេះធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះសីហនុឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។
ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពតាមរយៈការអន្តរាគមន៍នៃកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា-ទារក កុមារ និងអាហារូបត្ថម្ភលើស្រ្តីនិងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងបញ្ហាសុខភាពសាធារណៈ។ ឯកឧត្តមអភិបាលខេត្ត ពន្យល់ថា ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការអន្តរាគមន៍សុខភាពសាធារណៈ បានដើរទន្ទឹមគ្នានឹងការកែលម្អគុណភាពសេវា បង្ការ ពិនិត្យ ព្យាបាល និងថែទាំឱ្យកាន់តែប្រសើរឡើង។
ចំណែក លោកជំទាវឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លើកឡើងថា ក្នុងឆ្នាំ២០២៥ ខេត្តព្រះសីហនុ មានមន្រ្តីសុខាភិបាលសរុប ៤៥៧នាក់ ក្នុងនោះមន្រ្តីរាជការ ៤៣០នាក់ និងមន្រ្តីកិច្ចសន្យា២៧នាក់ កំពុងបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងសកម្ម២៤ម៉ោងលើ២៤ម៉ោង។ លោកជំទាវឱសថការី កត់សម្គាល់ឃើញថា ប្រព័ន្ធសុខាភិបាលមូលដ្ឋាន បានដើរតួយ៉ាងសំខាន់ ខណៈការពិនិត្យជំងឺក្រៅជាង៧០ភាគរយនៃសេវាសរុបត្រូវបានផ្តល់ជូននៅកម្រិតមណ្ឌលសុខភាព ចំណែកអត្រាមណរភាពក្នុងមន្ទីរពេទ្យក៏ធ្លាក់មកទាបបំផុតត្រឹមតែ១ភាគរយប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំនៃប្រព័ន្ធថែទាំសុខភាពបឋម។
លោកជំទាវ បន្ថែមថា ក្នុងឆ្នាំ២០២៥ មន្ទីរសុខាភិបាលសម្រេចបានការលើកកម្ពស់គុណភាពសេវាដែលផ្តោតលើប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។ ក្នុងន័យនេះ លោកជំទាវប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា មន្ទីរសុខាភិបាលខេត្ត បានធ្វើទំនើបកម្មលើការគ្រប់គ្រងលំហូរអ្នកជំងឺតាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះឈ្មោះឌីជីថល ដែលជួយឱ្យការរក្សាទិន្នន័យមានច្បាស់លាស់ និងរហ័ស។
ប្រព័ន្ធបែងចែកកម្រិតជំងឺ (Triage) ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាអ្នកជំងឺក្នុងស្ថានភាពសង្គ្រោះបន្ទាន់បានទទួលការព្យាបាលមុនគេ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាស្លាកសញ្ញាទីតាំង និងផ្លូវជម្រាលសម្រាប់ជនពិការ ក៏ត្រូវបានរៀបចំឱ្យកាន់តែមានភាពងាយស្រួលដល់គ្រប់មជ្ឈដ្ឋានផងដែរ។ នេះបើតាមលោកជំទាវប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បញ្ជាក់បន្ថែម៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា























