ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងត្រូវបន្តគង់ប្រថាប់នៅទីក្រុងប៉េកាំងមួយរយៈទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ការបន្តគង់ប្រថាប់នេះ គឺដោយសារមានបញ្ហាសុខភាព ដែលក្រុមគ្រូពេទ្យតម្រូវឱ្យមានការបន្តតាមដាន។
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែមីនានេះ បានបញ្ជាក់ថា តាមការពិនិត្យដោយយកចិត្តទុកដាក់ ល្អិតល្អន់ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន គឺការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ ដោយនៅមានបញ្ហាសុខភាពមួយចំនួន។ ដូច្នេះ ក្រុមគ្រូពេទ្យចិនតម្រូវឱ្យព្រះអង្គទាំងទ្វេគង់ប្រថាប់បន្តមួយរយៈទៀត ដើម្បីតាមដានពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាបន្តទៀត ដែលពុំអាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបានទេ។ បើតាមក្រសួងព្រះបរមរាជវាំង ព្រះអង្គទាំងទ្វេ ក៏បានផ្ញើសេចក្តីនឹករលឹកពីដល់ប្រជានុរាស្ត្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខរ។
គួររំលឹកថា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងហ្លួងម៉ែ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងអំឡុងព្រះករុណព្រះមហាក្សត្រ ស្ដេចយាងគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យក្នុងប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលភារកិច្ចជួយក្នុងព្រះបរមនាមជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត







