ផ្ទះថ្មីដែលទើបនឹងសាងសង់រួចចំនួន ១២៦ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រៀមចាប់ឆ្នោតប្រគល់ជូនយុទ្ធមិត្តបម្រើកងទ័ពក្នុងឆ្នាំ១៩៧៨។
កាលពីទី១ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតំណាង ឯកឧត្តមកិត្តិសង្គហ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម និង លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង។
នាឱកាសនោះលោក អ៊ុ សុខ អគ្គលេខាធិការរងសមាគមបានមានប្រសាសន៍ឱ្យដឹងថា ផ្ទះថ្មីនេះ មានទំហំ ៥x៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសី រនាបក្រាលក្តា ជញ្ជាំងស្មាតប៊ត និងមានតសំយ៉ាបចង្ក្រានបាយប្រវែង ៣ម៉ែតកន្លះ តសំយ៉ាបមុខប្រវែង៣ម៉ែត្រ មានបង្គន់អនាម័យដាច់ដោយឡែក ដែលត្រូវបានសាងសង់
លើដីសម្បទានសង្គមកិច្ចដែលផ្ដល់ជូនមានទំហំ ៣០x៤០ ម៉ែត្រ សម្រាប់ដាំដំណាំបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាព បន្ថែមពីលើប្រាក់សោធននិវត្ត ដែលទទួលបានពីរាជរដ្ឋាភិបាល។
នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគម សម្រាប់ចែកជូនអតីតយុទ្ធជនដែលបានតស៊ូដើម្បីសន្តិភាព កាពារជាតិ មាតុភូមិកម្ពុជា។
លោក អ៊ុ សុខ ចំពោះអំណោយផ្ទះថ្មីនេះនឹងត្រូវចាប់ឆ្នោតប្រគល់ជូនអតីតគណៈយុទ្ធមិត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម















