ថ្ងៃទី២ ខែមេសា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបដិសេធថា «គ្មានមូលដ្ឋានការពិត» ចំពោះការលើកឡើងរបស់ភាគីថៃដែលចោទកម្ពុជាថាបង្កហេតុ ពាក់ព័ន្ធការពង្រឹងលួសបន្លា និងដាក់រថពាសដែករបស់កងទ័ពជើងគោកថៃនៅតំបន់ច្រកអូរស្មាច់។ កម្ពុជាថា កងទ័ពរបស់ខ្លួនគោរពវិន័យ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់ក្នុងការការពារអធិបតេយ្យភាព និងព្យាយាមទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។
តាមការរាយការណ៍របស់ភាគីកម្ពុជា ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យតំបន់ព្រំដែនក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថ្ងៃទី២៩ ខែមីនា។ កម្ពុជាថា វេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី២ ខែមេសា ភាគីថៃបានចល័តទាហានប្រមាណ៧០នាក់ និងរថពាសដែក២គ្រឿងចូលតំបន់នោះ និងពង្រឹងរបងលួសបន្លាដែលមានស្រាប់។ កម្ពុជាអះអាងថា តំបន់នេះជាទឹកដីកម្ពុជាដែលកងទ័ពថៃកំពុងកាន់កាប់ ហើយគ្មានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងយោធភូមិភាគទី៤របស់កម្ពុជា។
កម្ពុជាថា បានទាក់ទងយោធភូមិភាគទី២របស់ថៃភ្លាមៗ ដោយទាមទារឱ្យបញ្ឈប់សកម្មភាព និងអំពាវនាវឱ្យគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្រសួងការពារជាតិបានបញ្ជាក់ឡើងវិញថា កម្ពុជាបានអនុវត្តការយោគយល់គ្នាក្រោមយន្តការឈប់បាញ់ និងអំពាវនាវឱ្យថៃបង្ហាញសុច្ឆន្ទៈ ដើម្បីស្ដារស្ថានភាពព្រំដែនឱ្យធម្មតា និងរក្សាសន្តិភាព ស្ថិរភាពយូរអង្វែង។







