គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានចុះពិនិត្យ និងវាយតម្លៃសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។ ការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងនេះ ធ្វើឡើងបន្ទាប់ពីសាលាបឋមសិក្សាមួយនេះបានជាប់ជាបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។
ក្នុងអំឡុងចុះវាយតម្លៃទីតាំងជាក់ស្តែងនាពេលនេះ គណៈកម្មការបច្ចេកទេសអន្តរក្រសួង បានចោទជាសំណួរជាច្រើនសួរទៅកាន់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសិក្សានិងវាយតម្លៃមុនសម្រេចចិត្តជ្រើសរើសទៅវគ្គបន្ត និងឈានទៅទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។ ទន្ទឹមនឹងការចោទសួរជាសំណួរ គណៈកម្មការបច្ចេកទេសអន្តរក្រសួង បានបែងចែកគ្នាជាក្រុមមួយៗចុះពិនិត្យនៅតាមទីធ្លា អនាម័យ និងបរិស្ថាន ជាពិសេសការបង្រៀននិងការរៀនរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សថែមទៀត។
លោកស្រី គឹម ឆេង នាយិកាសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បានកត់សម្គាល់ថា ការចុះវាយតម្លៃជាក់ស្តែងរបស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពសាលាអប់រំសាធារណៈ ថែមទាំងជំរុញឱ្យសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព អភិវឌ្ឍន៍ខ្លួនកាន់តែប្រសើរឡើងតាមការចូលរួមពីសហគមន៍ ថ្នាក់ដឹកនាំ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ការណ៍នេះដើម្បីផ្តល់សេវាសាធារណៈជូនកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ហើយពោរពេញទៅដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ថែមទាំងមានសុខភាពល្អ និងកាយសម្បទាកាន់តែរឹងមាំ។
ចំណែក លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានប្តេជ្ញាថា នឹងយកជ័យលាភីពានរង្វាន់ទាំងពីរសាលាឱ្យទាល់តែបាន ខណៈខេត្តព្រះសីហនុបានដាក់បេក្ខភាពសាលាចំនួន២ ឱ្យប្រកួតជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។ ក្នុងនោះ មានសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងសាលាអនុវិទ្យាល័យសម្តេចឪ។ ប៉ុន្តែយ៉ាងណា លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា សំខាន់បំផុតការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យអប់រំរហូតសម្រេចបាននូវអ្វីដែលយើងចង់បាន។ លោក យល់ឃើញថា វិស័យអប់រំពិតជាមានសារៈសំខាន់ក្នុងបណ្តុះយុវជនបន្តវេនដ៏រឹងមាំបំផុត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា


























