ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សហព័ន្ធស្រូវអង្ករ៖ កម្ពុជានាំចេញអង្ករបានចំណូល២០៧,៥៤លានដុល្លារក្នុងត្រីមាសទី១

KPS99TV

សេចក្តីសង្ខេប

សហព័ន្ធស្រូវអង្កររាយការណ៍ថា ក្រុមហ៊ុន៥៨បាននាំចេញអង្ករ៣៦១៥៧៨តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងនាំចេញស្រូវសើមដោយឡែក២០០០៦០០តោន តម្លៃប៉ាន់ប្រមាណ៤៣៣,២៣លានដុល្លារ។

៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦១ ៥៧៨តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ក្រុមហ៊ុនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានប្រាក់ចំនួន ២០៧.៥៤ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា គោលដៅសំខាន់ៗនៃការនាំចេញអង្កររបស់កម្ពុជាមានចំនួន៥៦ ក្នុងនោះនាំទៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន ៩៨ ០៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារអាមេរិក, ប្រទេសចិន និងហុងកុងចំនួន ៨៩ ២១៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៨ លានដុល្លារអាមេរិក, ប្រទេសក្នុងអាស៊ានចំនួន ៥ប្រទេសបានបរិមាណចំនួន ១៤៥ ៧៧១ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៥ លានដុល្លារអាមេរិក និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២៨ ៥១៧ តោន គិតជាទឹកប្រាក់ចំនួន ២៦.៦៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំណែក ប្រភេទអង្ករ ដែលបាននាំចេញមានអង្ករក្រអូបចំនួន ៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៨% អង្ករបាក់គ្រប់ប្រភេទ ២១.០៩% និងអង្ករផ្សេងៗចំនួន ០.២% ។ ក្រៅពីនេះ កម្ពុជាបាននាំចេញស្រូវចំនួន ២ ០០០ ៦០០តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៤៣៣.២៣ លានដុល្លារអាមេរិក ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…