ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលភ្នំពេញឃាត់ខ្លួនជនបរទេស១៤នាក់ សង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នគរបាលរាយការណ៍ថា នៅថ្ងៃទី៤ ខែមេសា ខ្លួនបានឃាត់ខ្លួនជនជាតិបង់ក្លាដេស៥នាក់ និងប៉ាគីស្ថាន៩នាក់ នៅខណ្ឌកំបូល និងដកហូតទូរសព្ទ៥៧គ្រឿង និងកុំព្យូទ័រ All-in-one ៥គ្រឿង។ ករណីនេះកំពុងបន្តនីតិវិធី។

ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញស្រាវជ្រាវរហូតឃាត់ខ្លួនបានជនជាតិបង់ក្លាដេស ៥នាក់ ‎និងប៉ាគីស្ថាន ៩នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការសមត្ថកិច្ច បានដកហូតវត្ថុតាងមានដូចជា ទូរសព្ទដៃ ៥៧គ្រឿង, កុំព្យូទ័រ (All-in-one) ០៥គ្រឿង និងស៊ីមកាតប្រភេទស៊ីមបរទេសមួយចំនួនធំ។

លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក online scam ក្រោមរូបភាពផ្តល់ការងារ។

បច្ចុប្បន្ន ជនបរទេសទាំង ១៤ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…