ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី៖ការប្រើផលិតផលក្នុងស្រុកមិនត្រឹមគាំទ្រអ្នកផលិតខ្មែរទេតែបង្ហាញពីមោទនភាពជាតិ

KPS99TV

សេចក្តីសង្ខេប

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យគាំទ្រផលិតផលខ្មែរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ដោយភ្ជាប់នឹងមោទនភាពជាតិ និងភាពធន់សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានការរីកចម្រើន។ ការបង្ហាញពីជំនឿចិត្តបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

ម៉្យាងវិញទៀត ការបញ្ជាក់របស់សម្តេចធិបតីដូច្នេះក៏ស្របពេលប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនមានដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង។ បញ្ហាទាំងនេះ សម្តេចធិបតី គូសបញ្ជាក់ថា បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ក្នុងន័យនេះ សម្តេចចង់សង្កត់ធ្ងន់ថា ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន»។ នេះជាពាក្យស្លោករបស់សម្តេចធិបតីផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…