ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុប្រៀបស្គេមអនឡាញទៅនឹងចោរ និងជំរុញការបង្ក្រាបបន្ត

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

លោក ម៉ាង ស៊ីណេត បានរៀបរាប់ក្នុងជំនួបថ្ងៃទី៧ មេសា អំពីការបង្ក្រាបនៅក្រុងស្រុកទាំង៦ គោលដៅ៩៤ និងកាមេរ៉ានៅ៣៤ទីតាំង។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រុងស្រុកទាំង៦ក្នុងខេត្តកំពុងបង្ក្រាបស្គេមអនឡាញយ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម ជាមួយលោក យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក នៅរសៀលថ្ងៃទី៧ មេសា ២០២៦ នាអគារក្រុមប្រឹក្សាខេត្ត។

អភិបាលខេត្តបានបញ្ជាក់ថា ក្រុងស្រុកចំនួន៥ត្រូវម្ចាស់ការបង្ក្រាបដោយខ្លួនឯង ហើយក្រុមការងារខេត្តចុះជួយពេលមានបញ្ហា។ ចំពោះក្រុងព្រះសីហនុដែលស្មុគស្មាញ ក្រុមការងារខេត្តនិងក្រុងបានសហការលើគោលដៅ៩៤ ដែលកម្លាំងចម្រុះគណៈបញ្ជាការរដ្ឋបាលខេត្តបានគ្រប់គ្រង។ ទោះមានកន្លែងខ្លះលបលួចកើតឡើងវិញ កម្លាំងសមត្ថកិច្ចនៅតែបន្តចុះបង្ក្រាប។

លោកបានប្រៀបបញ្ហាស្គេមអនឡាញទៅនឹងចោរ និងបញ្ជាក់ថា ត្រូវអនុវត្តបង្ក្រាបជាបន្តបន្ទាប់ ឱ្យអស់ពីខេត្តតាមគោលការណ៍រដ្ឋាភិបាល ដោយគ្មានការលើកលែង។

លោកក៏បានឱ្យដឹងថា មានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅគោលដៅដែលបានបង្ក្រាបចំនួន៣៤ទីតាំង ដើម្បីជួយសម្រួលការងារកម្លាំងសមត្ថកិច្ច។

លោក យ៉េត វីណែល បានលើកឡើងថា គោលដៅរួមគឺបង្ក្រាបបោសសម្អាតស្គេមអនឡាញ ដោយសហការ២៤ម៉ោងជាមួយសមត្ថកិច្ចនិងរដ្ឋបាលខេត្ត ដើម្បីអនុវត្តបទបញ្ជារដ្ឋាភិបាល។

លោកបញ្ជាក់ថា កាស៊ីណូដែលរកឃើញបង្កប់ស្គេមអនឡាញនឹងត្រូវដកអាជ្ញាបណ្ណ ហើយក្រុមការងារកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាគុណភាពនិងប្រសិទ្ធភាពការងារទូទាំងប្រទេស។

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…