ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកណ្ដាលជំរុញមន្ទីរពង្រឹងគុណភាពសេវាសាធារណៈ

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ នៅថ្ងៃទី៨ មេសា បានលើកយករបៀបវារៈ៩ និងជំរុញការផ្ដល់សេវាឆ្លើយតបតម្រូវការមូលដ្ឋាន ព្រមទាំងដោះស្រាយសំណូមពរដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បន្តពង្រឹង និងលើកកម្ពស់តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។

ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានសម្តែងការកោតសរសើរចំពោះ គ.ក.ស.ក.ខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសេវាសង្គម និងបានគូសបញ្ជាក់ថា ការងារគាំពារសង្គម គឺជាការងារសំខាន់ដែលត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគី។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បន្តសហការជាមួយ គ.ក.ស.ក.ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះ គ.ក.ស.ក.ខេត្ត ដែលបានសហការជាមួយអាជ្ញាធរ និងមន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យ តាមដានស្ថានភាពជំងឺរមាស់ដែលកើតមាននៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ព្រមទាំងបានចុះអនុវត្តការងារផ្ទាល់លើករណីផ្សេងៗ ដើម្បីវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាពស្ត្រី យុវវ័យ និងកុមារ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត បន្តលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងសមស្របតាមតម្រូវការចាំបាច់នៅតាមមូលដ្ឋាន។

ជាពិសេស ត្រូវបន្តសហការគ្នាដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។ ចំពោះបញ្ហាដែលលើសសមត្ថកិច្ច ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុបចំនួន ០៩ របៀបវារៈសំខាន់ៗ៕

ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…