ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

លោក ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងលោក គិត ម៉េង បានដឹកនាំគណៈប្រតិភូទស្សនកិច្ចកំពង់ផែស្វយ័តព្រះសីហនុ ថ្ងៃទី៩ មេសា ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ សមត្ថភាព និងផែនការអនាគត ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកក្នុងឱកាសឆ្នាំថ្មី។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ច និងសិក្សាអំពីការអភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុ។

គណៈប្រតិភូបានទទួលការស្វាគមន៍ពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ។

ដំណើរទស្សនកិច្ចមានគោលបំណងពង្រឹងកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងកំពង់ផែ ព្រមទាំងផ្ដល់ឱកាសឱ្យគណៈប្រតិភូស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាព សក្ដានុពល ការអភិវឌ្ឍ និងទិសដៅអនាគតរបស់កំពង់ផែ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ដែលនឹងមកដល់ អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មបានជូនពរឯកឧត្តមប្រតិភូ និងថ្នាក់ដឹកនាំកំពង់ផែ ឱ្យមានសុខភាពល្អ អាយុយឺនយូរ និងកម្លាំងមាំមួន ដើម្បីបន្តចូលរួមអភិវឌ្ឍកម្ពុជាតាមរយៈការដឹកនាំកំពង់ផែឱ្យទទួលបានជោគជ័យបន្ថែម។

ឯកឧត្តម លូ គឹមឈន់ បានជម្រាបអំពីប្រវត្តិ និងដំណើរការអភិវឌ្ឍកំពង់ផែ ក្រោមការដឹកនាំរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបានលើកឡើងថា ការដឹកនាំនេះបានជំរុញការអភិវឌ្ឍប្រទេស ហើយកំពង់ផែកំពុងបន្តរីកចម្រើន និងចូលរួមក្នុងកំណើនសេដ្ឋកិច្ច ព្រមទាំងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅប្រទេសនានាទូទាំងពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងពង្រីកកំពង់ផែទឹកជ្រៅជាបីដំណាក់កាល ដោយមានការគាំទ្រពីជប៉ុន ក្នុងគោលបំណងបង្កើនសមត្ថភាពទទួលនាវាធំៗ ឱ្យចេញចូលកាន់តែងាយស្រួល និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

គណៈប្រតិភូសភាពាណិជ្ជកម្មក៏បានជូនពរឯកឧត្តម លូ គឹមឈន់ ថ្នាក់ដឹកនាំ បុគ្គលិក និយោជិត និងកម្មករកំពង់ផែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី ដែលនឹងមកដល់ផងដែរ។

អត្ថបទ៖ ប៉ៃ សុឃីម។ រូបភាព៖ ទាវ វិឆាត។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…