ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ត្រូវបានរាយការណ៍ថាបានបញ្ជាទៅនគរបាលចរាចរណ៍ថា នៅពេលរកឃើញអ្នកបើកបរស្រវឹង តាមការវាស់ជាតិអាល់កុលឬការសន្និដ្ឋានលើអាការៈ ជាពិសេសពេលបង្កគ្រោះថ្នាក់តាមផ្លូវ នគរបាលត្រូវសម្រេចជាអាទិភាពភ្លាមៗវាយខ្នោះអ្នកនោះ និងបញ្ជូនទៅអង្គភាពជំនាញ ដោយមិនចាំបាច់ពន្យល់ណែនាំច្រើនដូចមុនទៀត។ តាមអត្ថបទ បទបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងគុណភាពការដោះស្រាយបញ្ហាចរាចរណ៍ ព្រឹកថ្ងៃទី៩ ខែមេសា ហើយលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោក បានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១០ ខែមេសា។ អ្នកនាំពាក្យបន្ថែមថា លោក ស សុខា បានផ្ដល់គោលការណ៍ច្បាស់លាស់សម្រាប់ករណីនេះ ហើយណែនាំឱ្យនគរបាលអនុវត្តជាទម្លាប់ដោយមិនបាច់មានការព្រួយបារម្ភ។
ដោយ៖ ង៉ែត ពិសាន្ត












