សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តរក្សាជំហរដដែលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី ផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាកន្លងមក រួមទាំងយន្តការអន្តរជាតិផងដែរ។
សម្តេចមានប្រសាសន៍នេះ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ សម្តេចបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនអាចដោះស្រាយបានឆាប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាព្រំដែនបានអូសបន្លាយជិត១ឆ្នាំ ហើយបង្ហាញក្តីសង្ឃឹមថានឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ។
សម្តេចបន្ថែមថា រដ្ឋាភិបាលថៃក៏បានលើកឡើងពីការប្រើយន្តការទាំងនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ហើយគិតត្រឹមពេលសម្តេចថ្លែង ថៃមិនទាន់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយទេ។
សម្តេចក៏សង្ឃឹមថា រដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ឱ្យបានត្រឹមត្រូវ ដើម្បីជួបប្រជុំជាមួយភាគីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនស្របតាមកិច្ចព្រមព្រៀងទ្វេភាគី។ ដោយ៖ ប៉ៃ សុឃីម










