រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាក់ច្រាំងទន្លេរហូតដាច់ផ្លូវលំ នៅស្រុកពាមជរ ខេត្តព្រៃវែង ពលរដ្ឋថាបណ្តាលមកពីមានសាឡង់ធំៗជាច្រើន សម្រុកបូមខ្សាច់រៀងរាល់ថ្ងៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អាជ្ញាធរឃុំស្វាយភ្លោះ បានបិទផ្លូវលំ១ខ្សែជាបណ្ដោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ ក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បន្ទាប់ពីតួផ្លូវទាំងមូលបានបាក់ចូលទៅក្នុងទន្លេ ប្រវែងជាង ១០ ម៉ែត្រ ធ្វើដំណើរលែងកើត។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវក្បែរកន្លែងបាក់ បានឲ្យដឹងថា ផ្លូវលំនេះបានបាក់ដាច់ទាំងស្រុងកាលពីថ្ងៃទី ១៧ មេសា ហើយមូលហេតុដែលធ្វើឲ្យបាក់ស្រុតច្រាំងទន្លេរហូតដាច់ដល់ផ្លូវលំនេះ គឺដោយសារតែមានសាឡង់ធំៗជាច្រើន សម្រុកបូមខ្សាច់នៅទីនេះរៀងរាល់ថ្ងៃ។

ពួកគាត់បានបន្ថែមថា វត្តមានក្រុមសាឡង់បូមខ្សាច់នេះ មិនត្រឹមតែធ្វើឲ្យបាក់ច្រាំងទន្លេទេ ប៉ុន្តែដំណាំរបស់ប្រជាពលរដ្ឋ រួមមាន ចេក ស្វាយ ល្ហុង ខ្នុរ ទឹកដោះ និងព្រីង រាប់រយពាន់ដើម ក៏បានបាក់ចូលទៅក្នុងទន្លេអស់ គ្មានអ្នកណាចេញសងទេ ហើយអ្នកភូមិខ្លះដោយភ័យខ្លាចបាក់ផ្ទះចូលទន្លេ ក៏បានរើផ្ទះចេញទៅរស់នៅកន្លែងផ្សេង ដែលមកដល់ពេលនេះមានជិត ២០ គ្រួសារហើយ។

ចំពោះបញ្ហានេះ លោកមេឃុំស្វាយភ្លោះ បានឲ្យដឹងនៅរសៀលថ្ងៃទី ២០ មេសានេះថា ផ្លូវលំតាមបណ្ដោយមាត់ទន្លេក្នុងភូមិបង្អែក ពិតជាបាក់ដាច់តួផ្លូវទាំងស្រុងមែន ហើយលោកបានប្រកាសបិទមិនឱ្យធ្វើចរាចរណ៍តាមផ្លូវនេះទៀតទេ ព្រោះខ្លាចមានគ្រោះថ្នាក់។

ដោយឡែក រឿងសាឡង់បូមខ្សាច់ លោកមេឃុំបានទទួលស្គាល់ថា នៅតំបន់ដែលបាក់ច្រាំងទន្លេប៉ះពាល់ដល់ផ្លូវនោះ គឺជាហ្សូនដែលក្រុមហ៊ុនចតុមុខកំពុងបូម ប៉ុន្តែមូលហេតុដែលធ្វើឲ្យបាក់ដាច់ផ្លូវនេះ លោកអះអាងថា មិនមែនដោយសារការបូមខ្សាច់ទាំងស្រុងនោះទេ ព្រោះបច្ចុប្បន្ននៅចំណុចនោះ ពុំមានសាឡង់បូមខ្សាច់ទេ គឺក្រុមហ៊ុនបូមនៅខាងលើ និងខាងក្រោម (កន្លែងបាក់ស្ថិតនៅកណ្ដាល)។ ចំពោះការលើកឡើងថា មានការលួចបូមពេលយប់ លោកក៏មិនច្បាស់ដែរ ព្រោះមិនដែលបានចុះពិនិត្យពេលយប់ទេ។

ដោយឡែក ខាងមន្ត្រីជំនាញ លោក ឆៃ វិចិត្រ អនុប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រៃវែង បានឲ្យដឹងថា ពេលនេះលោកបានចាត់ឱ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យហើយ ដើម្បីធ្វើរបាយការណ៍រាយការណ៍ទៅថ្នាក់លើ ប៉ុន្តែលោកអះអាងថា មូលហេតុនៃការបាក់ស្រុត មិនមែនមកពីការបូមខ្សាច់ទាំងស្រុងនោះទេ ព្រោះមុនពេលមានការបូមខ្សាច់ ច្រាំងទន្លេនៅតំបន់នោះក៏ធ្លាប់មានការបាក់ស្រុតដែរ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា នឹងហៅក្រុមហ៊ុនបូមខ្សាច់ចតុមុខ មកធ្វើការណែនាំ ដើម្បីបញ្ជៀសកុំឲ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…