ក្រសួងព្រះបរមរាជវាំងបានប្រកាសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថា ព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសើរឡើងបន្តិច ក្រោយព្រះអង្គគង់ប្រថាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ប្រទេសចិន ប្រមាណមួយសប្តាហ៍។
សេចក្តីប្រកាសបានបញ្ជាក់ថា ព្រះអង្គបានទទួលការវះកាត់ធំ និងការថែទាំបន្តពីក្រុមវេជ្ជបណ្ឌិតជំនាញ និងគិលានុបដ្ឋាកមានបទពិសោធន៍។ ក្រុមគ្រូពេទ្យបន្តតាមដានព្រះរាជសុខភាព ដោយផ្តល់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំជួយផ្សះមុខរបួសក្រោយវះកាត់ និងការព្យាបាលតាមតម្រូវការ។
ទោះព្រះរាជសុខភាពបានប្រសើរឡើងក្តី គ្រូពេទ្យបានណែនាំឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យមួយរយៈទៀត ដើម្បីតាមដាន និងទទួលការថែទាំបន្តសម្រាប់ការស្តារព្រះរាជសុខភាពដោយសុវត្ថិភាព។
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានថ្លែងអំណរគុណសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ដែលបានថ្វាយព្រះពរ និងបួងសួងជាបន្តបន្ទាប់។
អត្ថបទ៖ ឡាយ កុល







