ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញក្តីសង្ឃឹមថា UN-Habitat នឹងបន្តជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុបន្ថែម ខណៈកន្លងទៅបានជួយខេត្តព្រះសីហនុចំគោលដៅល្អ។ ស្នើជួយអភិវឌ្ឍន៍ខេត្តបន្ថែមដែលផ្តោតទៅលើគម្រោងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងការជួយសាងសង់លំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុជូនពលរដ្ឋក្រីក្រ ជាពិសេសការគ្រប់គ្រងសំណល់រឹង និងសំរាមឱ្យកាន់តែល្អប្រសើរ។
ការបង្ហាញក្តីសង្ឃឹមនិងលើកសំណើរបស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Kazuko Ishigaki នាយិកា UN-Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី២៧ ខែមេសានេះ នៅសាលាខេត្តព្រះសីហនុ។
ឆ្លើយតបនឹងសំណើរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកស្រីនាយិកា UN-Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសន្យាថានឹងពិនិត្យឱកាសធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើនបន្ថែមទៀត។ ខណៈឆ្នាំ២០២៦នេះ UN-Habitat ក៏មានផែនការយុទ្ធសាស្រ្តថ្មីដែលផ្តោតទៅលើការសាងសង់លំនៅឋានជាដើម។
បន្ថែមពីនេះ លោកស្រីនាយិកា មើលឃើញថា ប្រទេសកម្ពុជាងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះយើងត្រូវសិក្សាបន្ថែមពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតែម្តង។ លោកស្រីពន្យល់បន្ថែមថា អ្វីដែលប្រទេសកម្ពុជាត្រូវការដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុមិនមែនលំនៅឋានដែលមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែទន្ទឹមនឹងមានតម្លៃសមរម្យក៏ត្រូវផ្តោតទៅលើភាពធន់ផងដែរ។ លោកស្រី បន្តថា ក្រុមការងារ UN-Habitat ប្រចាំកម្ពុជា នឹងបន្តធ្វើការអភិវឌ្ឍន៍ក្រោមភាពជាដៃគូជាមួយរដ្ឋបាលខេត្តព្រះសីហនុបន្ថែមទៀតប្រកបដោយនិរន្តភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការធ្វើការជាមួយក្រុមការងារ UN-Habitat ប្រចាំកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុបន្ថែមហើយផលប្រយោជន៍នេះនឹងផ្តល់ទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីនាយិកា UN-Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើន និងចំគោលដៅល្អ។
UN-Habitat ជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុ គឺធ្វើតាមរយៈការជួយការពារ និងអភិរក្សព្រៃកោងកាងនៅស្រុកព្រៃនប់ ការជួយក្នុងគម្រោងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការជួយរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងការជួយសាងសង់លំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុជូនពលរដ្ឋក្រីក្រនៅស្រុកព្រៃនប់។ ពិសេសជួយទៅលើការគ្រប់គ្រងសំណល់រឹង និងសំរាមនៅក្រុងព្រះសីហនុ ការរៀបចំផែនការទីក្រុងឆ្លាតវៃ ការរៀបចំសៀវភៅទស្សនទានទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត។
ជុំវិញនឹងសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបាននៅក្នុងខេត្តព្រះសីហនុដូចឯកឧត្តម ម៉ាង ស៊ីណេត បានជម្រាបជូននេះ លោកស្រីនាយិកា បានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រដល់គម្រោងនានារបស់ UN-Habitat នាពេលកន្លងមកផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា
























