យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
ក្នុងឱកាសដែលបណ្ដាប្រទេសអាស៊ានកំពុងអបអរសាទរខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញានេះ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងតំបន់។
កម្ពុជាបានគូសបញ្ជាក់ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយសកលដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន ស្មារតីនៃកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងការរួបរួមរបស់អាស៊ាន កាន់តែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាព និងផលប្រយោជន៍រួមរបស់តំបន់។
ក្នុងស្មារតីសាមគ្គីភាពអាស៊ាន កម្ពុជាបានបញ្ជាក់ថា ខ្លួនត្រៀមបន្តផ្តល់ជំនួយផ្នែកកសាងសមត្ថភាព និងបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានា ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។
ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំលើកនេះ បានបង្ហាញពីការបន្តដើរតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងការរក្សាមជ្ឈភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើឆាកអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន















