យោងតាមរបាយការណ៍ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងពាក់ព័ន្ធគ្រឿងញៀន ដោយបានជួយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់។
តាមរបាយការណ៍ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានទទួលព័ត៌មានពាក់ព័ន្ធករណីចាប់ឃុំឃាំង និងជំរិតទារប្រាក់ ព្រមទាំងការរំលោភសេពសន្ថវៈ ជួញដូរមនុស្ស និងគ្រឿងញៀន ដែលបានកើតឡើងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងក្រុងព្រះសីហនុ។
នៅវេលាទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីបុរសជនជាតិចិនម្នាក់ អាយុ ៣០ឆ្នាំ ដែលអះអាងថា មិត្តស្រីរបស់ខ្លួន អាយុ ២៤ឆ្នាំ ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំង និងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញបានចុះប្រតិបត្តិការភ្លាមៗ ប៉ុន្តែជនសង្ស័យបាននាំជនរងគ្រោះចេញពីទីតាំងបាត់ទៅហើយ។ កម្លាំងបានបន្តស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅខុនដូ «ស្ដាបេ» ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ រួមមានបុរសម្នាក់ និងស្ត្រី ២នាក់ ជាជនជាតិចិន។
សមត្ថកិច្ចបានដកហូតរថយន្តម៉ាក MAYBACH មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-6866 និងទូរស័ព្ទដៃ ២គ្រឿង។
ក្រោយមក កម្លាំងជំនាញបានបន្តស្រាវជ្រាវទៅដល់បុរី «លន់ស៊ីធី» ស្ថិតក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលនៅទីនោះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះដោយសុវត្ថិភាព និងឃាត់ខ្លួនជនសង្ស័យបន្ថែម ៣នាក់ទៀត។
វត្ថុតាងដែលដកហូតបាន រួមមាន ទូរស័ព្ទដៃ ៣គ្រឿង រថយន្តម៉ាក PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2BX-3076 ក្រណាត់រុំភ្នែក និងសារធាតុសង្ស័យជាគ្រឿងញៀនមួយចំនួន។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រុមជនសង្ស័យបានប្រើវិធីបោកប្រាស់ស្ត្រីរងគ្រោះ ឱ្យធ្វើដំណើរពីប្រទេសម៉ាឡេស៊ី មកកម្ពុជា ដោយអះអាងថា មានការងារល្អ និងមានអ្នកឧបត្ថម្ភ។ បន្ទាប់ពីមកដល់កម្ពុជា ជនរងគ្រោះត្រូវបាននាំទៅឃុំឃាំងក្នុងខុនដូមួយកន្លែង នៅក្រុងព្រះសីហនុ និងត្រូវបង្ខំឱ្យផ្ទេរប្រាក់ពីគណនីធនាគារនៅប្រទេសចិន អស់ជិត ៣០ម៉ឺនយ័ន។
របាយការណ៍បញ្ជាក់ថា ជនរងគ្រោះក៏ត្រូវបានបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន និងបង្ខំឱ្យទាក់ទងស្ត្រីផ្សេងៗ ដើម្បីបោកបញ្ឆោតឱ្យមកជំនួសខ្លួន។ ក្រោយពេលអស់ប្រាក់ ក្រុមជនសង្ស័យបានលក់ជនរងគ្រោះបន្តទៅឱ្យក្រុមជនជាតិចិនផ្សេងទៀត ក្នុងតម្លៃ ៥ម៉ឺនដុល្លារ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យនេះ មានគោលដៅលើស្ត្រីដែលបម្រើការងារជានារីកំដរ ហើយបន្ទាប់ពីជំរិតយកប្រាក់អស់ ពួកគេមានបំណងលក់ជនរងគ្រោះបន្តទៅក្រុមជួញដូរមនុស្សផ្សេងទៀត ដោយមិនមានបំណងដោះលែងឡើយ លុះត្រាតែជនរងគ្រោះព្រមបោកបញ្ឆោតស្ត្រីផ្សេងឱ្យមកជំនួស ទើបអាចទទួលបានសេរីភាពវិញ៕












