ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តត្បូងឃ្មុំបន្តត្រួតពិនិត្យទីតាំងសង្ស័យ ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់

KPS99TV

សេចក្តីសង្ខេប

តាមរបាយការណ៍ ការត្រួតពិនិត្យផ្ទះសំណាក់៣ទីតាំង សរុប៥៧បន្ទប់ កាលពីថ្ងៃទី៨ ខែឧសភា មិនទាន់រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ឬសម្ភារៈពាក់ព័ន្ធ Online Scams ទេ ហើយអាជ្ញាធរគ្រោងបន្តនៅក្រុង-ស្រុកទាំង៧។

ត្បូងឃ្មុំ៖ តាមរបាយការណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនានា ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួលមួយចំនួន ដែលត្រូវបានដាក់ជាមុខសញ្ញាសង្ស័យថា អាចមានការលួចលាក់ស្នាក់នៅរបស់ជនបរទេសដោយមិនបានរាយការណ៍ ឬប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។

ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះសំណាក់ចំនួន៣ទីតាំង ស្មើនឹង៥៧បន្ទប់។ ជាលទ្ធផលបឋម មិនទាន់រកឃើញមានជនបរទេសស្នាក់នៅដោយខុសច្បាប់ ឬសម្ភារៈពាក់ព័ន្ធនឹងបទល្មើស Online Scam នៅក្នុងទីតាំងទាំងនោះនៅឡើយទេ។

ទោះបីមិនទាន់រកឃើញបទល្មើសក៏ដោយ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យនេះនឹងបន្តអនុវត្តជាប្រចាំ និងពង្រីកវិសាលភាពទៅកាន់ក្រុង-ស្រុកទាំង៧ ទូទាំងខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសឌីជីថលឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ទីតាំងអាជីវកម្ម និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងជំរុញឱ្យមានការចូលរួមសហការក្នុងការរាយការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់សង្គមនាពេលបច្ចុប្បន្ន។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់ទុកការចុះត្រួតពិនិត្យរដ្ឋបាលជាបន្តបន្ទាប់នេះ ជាវិធានការសំខាន់ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…