ខេត្តព្រះសីហនុ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់នគរបាល កម្លាំងនគរបាលខេត្តព្រះសីហនុសហការជាមួយកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យអគារកាស៊ីណូមួយនៅក្រុងព្រះសីហនុ ដែលសង្ស័យថាមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់ ដោយឃាត់ខ្លួនជនបរទេសរាប់រយនាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ប្រតិបត្តិការនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយបានចុះត្រួតពិនិត្យទីតាំងអគារកាស៊ីណូ “ជីន យូ មេន តាំង” (JIN YU MEN TANG CASINO) ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវបានសង្ស័យថា ជាទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា និងមានជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើនរយនាក់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំង ជនបរទេសមួយចំនួនបានព្យាយាមរត់គេចខ្លួនចេញពីអគារ ប៉ុន្តែកម្លាំងប្រតិបត្តិការបានគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា ដោយធ្វើការហ៊ុំព័ទ្ធទីតាំង និងឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ ព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។
តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែឧសភា ជនបរទេសប្រមាណ៤០០នាក់កំពុងបន្តនីតិវិធីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់។ ជនបរទេសរាប់រយនាក់ទៀតត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ដើម្បីស្រាវជ្រាវ និងសាកសួរបន្ថែម។
របាយការណ៍ចាត់ទុកប្រតិបត្តិការនេះថា ជាវិធានការរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការគ្រប់គ្រងជនបរទេសស្នាក់នៅខុសច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយ៖ សុខ ស៊ីណាន


















