ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ដែលត្រូវបានបិទ (Seal) កន្លងមក ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង “សំអាតផ្ទះរបស់យើង” និងទប់ស្កាត់បទល្មើស Online Scams នៅទូទាំងប្រទេស។
ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា អាជ្ញាធរបានផ្សព្វផ្សាយសារាចរណ៍លេខ០៣ របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងបឹងហ្គាឡូក្នុងខេត្ត។ ការចុះពិនិត្យជំហានទី៣ ត្រូវបានអនុវត្តលើទីតាំងសរុប ១,០១៣ទីតាំង ដោយរកឃើញទីតាំងពាក់ព័ន្ធ Online Scams ចំនួន ៤៧ទីតាំង និងការស្នាក់នៅខុសច្បាប់ចំនួន ៣០ទីតាំង។
ឯកឧត្តម ក៏បានណែនាំថា នៅពេលចុះទៅទីតាំងដែលបានបិទ (Seal) រកឃើញមាន Computer សូមឱ្យប្រគល់ដល់ក្រុមការងារ ដើម្បីយកចេញពីទីតាំងនិងរួមគ្នាបិទបញ្ចប់ Scams Online នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម យ៉េត វីណែល បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ សហការចុះត្រួតពិនិត្យទីតាំងកាស៊ីណូដែលបានបិទ Seal រួមទាំងការត្រួតពិនិត្យការបំពាក់កាមេរ៉ាសុវត្ថិភាព និងការកាត់ផ្តាច់ទឹក ភ្លើង និងអ៊ីនធឺណិត។
តាមសេចក្ដីរាយការណ៍នៅពេលនោះ ខេត្តព្រះសីហនុ មានកាស៊ីណូចំនួន ៩៤ បានស្នើសុំអាជ្ញាប័ណ្ណ ក្នុងនោះ ៣៨កាស៊ីណូ ត្រូវបានដកហូត ឬព្យួរអាជ្ញាប័ណ្ណ។ ក្រុមការងារនឹងបន្តចុះត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងនៅខាងក្រៅកាស៊ីណូដែលបានបិទ (Seal) បិទទឹក ភ្លើង និងអ៊ីនធឺណិតនាពេលកន្លងមក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅលើទីតាំងចំនួន៦៨ ដើម្បីពង្រឹងការបង្ក្រាប និងលុបបំបាត់បទល្មើស Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម

















