ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ៖ ប្រធានបេសកកម្ម AOT ចុះពិនិត្យប្រាសាទព្រះវិហារក្នុងអាណត្តិហ្វីលីពីនជាប្រធាន

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិបានឱ្យដឹងថា CLG កម្ពុជា សម្របសម្រួលជូនប្រធានបេសកកម្ម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីព្រំដែននៅប្រាសាទព្រះវិហារ នាវេលាម៉ោង ០៨:៤០នាទី ថ្ងៃទី១៤ ខែឧសភា។

យោងតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួលកម្ពុជា (CLG) បានសម្របសម្រួលជូនប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ធ្វើបេសកកម្មជាលើកដំបូងក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងការវិវឌ្ឍថ្មីក្នុងតំបន់នោះ។ ក្រសួងបានបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃនេះបានរងការខូចខាតយ៉ាងដំណំដោយការវាយប្រហារពីយោធាថៃកាលពីឆ្នាំ២០២៥។
ក្រសួងបានបញ្ជាក់ថា វត្តមានរបស់ AOT មានគោលបំណងសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នារវាងកម្ពុជា និងថៃ ឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងតាមព្រំដែន។ ក្រសួងបានបន្ថែមថា កម្ពុជាតែងតែគាំទ្រ AOT យ៉ាងពេញទំហឹង និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមនេះ។
ក្រសួងបានបន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាអនុវត្តដោយស្មោះត្រង់ ពេញលេញ និងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…