ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងករណីចាប់ជំរិត និងរំដោះបុរសចិនរងរបួសធ្ងន់

KPS99TV

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍ អាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងរំដោះបុរសចិនអាយុ៣១ឆ្នាំក្នុងករណីចាប់ជំរិតចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចបានរាយការណ៍ថា ជនសង្ស័យបានជំរិតទារប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីរាយការណ៍ដើម ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសចាប់បង្ខាំង ធ្វើទារុណកម្មយ៉ាងឃោរឃៅ និងជំរិតទារប្រាក់ ដែលបានប្រព្រឹត្តនៅចំណុចកាស៊ីណូ «ស៊ីងហោភីក» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងបានរំដោះជនរងគ្រោះជាជនជាតិចិនម្នាក់ ដែលរងរបួសធ្ងន់ធ្ងរ និងមានស្នាមរបួសពេញរាងកាយ។

ប្រតិបត្តិការបំបែកសំណុំរឿងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់សមត្ថកិច្ច កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីចាប់ជំរិតទារប្រាក់មួយកើតឡើងនៅក្នុងក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យជាជនជាតិចិន និងជនរងគ្រោះជាជនជាតិចិនដូចគ្នា ហើយជនសង្ស័យបានបើករថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4899 យកទៅបោះចោលនៅចំណុចភូមិស្មាច់ដែង សង្កាត់រាម ក្រុងព្រះសីហនុ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់ទីតាំងរថយន្តដែលត្រូវបានបោះចោលខាងលើ និងនាំយករថយន្តនោះមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ និងជួយសង្គ្រោះជនរងគ្រោះ។

លុះដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៤០នាទី កម្លាំងអាវុធហត្ថចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងពេលកម្លាំងសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ជនសង្ស័យបានដឹងខ្លួន និងព្យាយាមរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះបានឆ្លៀតឱកាសរត់ចេញពីផ្ទះវីឡានោះ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះបានដោយសុវត្ថិភាព។

ជនរងគ្រោះមានឈ្មោះ HUANG ZEWEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ និងមានស្នាមរបួសពេញរាងកាយ។

ចំណែកជនសង្ស័យទាំង៤នាក់ រួមមាន៖
ទី១៖ ឈ្មោះ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២៖ ឈ្មោះ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៣៖ ឈ្មោះ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៤៖ ឈ្មោះ ជា ជ័យជេស្ដា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
១- ផ្លាកលេខរថយន្តលេខ ភ្នំពេញ 2BA-9099 ចំនួន១គូ
២- ខ្នោះដៃចំនួន៧គូ
៣- ដែកចុងស្រួចចំនួន១
៤- ដែកទីបមូលប្រវែងប្រហែល២.៥ម៉ែត្រ ចំនួន១
៥- ដង្កាប់ចំនួន១
៦- ស្នាប់ដៃចំនួន២
៧- ខ្សែកៅស៊ូចំនួន១
៨- កូនកាំបិតចំនួន១
៩- វិទ្យុទាក់ទងចំនួន២គ្រឿង
១០- កន្សែងតូចចំនួន២ ដែលមានស្នាមប្រឡាក់ឈាម
១១- វាំងននចំនួន១ ដែលមានស្នាមប្រឡាក់ឈាម
១២- ស្រោមខ្នើយចំនួន១ មានស្នាមប្រឡាក់ឈាម សម្រាប់រុំមុខ
១៣- តង់កៅស៊ូពណ៌ខៀវ មានស្នាមប្រឡាក់ឈាម
១៤- ដែកជើងតុពណ៌មាសចំនួន១ ដែលបាក់
១៥- វ៉ាលីពណ៌ខ្មៅចំនួន១
១៦- ទូរសព្ទដៃចំនួន៦គ្រឿង
១៧- លិខិតឆ្លងដែនជនជាតិខ្មែរចំនួន១
១៨- លិខិតឆ្លងដែនជនជាតិចិនចំនួន១
១៩- លិខិតឆ្លងដែនជនជាតិឡាវចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គឺជនសង្ស័យបានរៀបចំផែនការទុកជាមុនយ៉ាងច្បាស់លាស់ និងមានលក្ខណៈជាអង្គការចាត់តាំង ដោយក្នុងប្រតិបត្តិការនោះ មានជនសង្ស័យប្រមាណ៧ទៅ៨នាក់ ជាជនជាតិចិន។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានម្នាក់ជាមិត្តភក្តិរបស់ជនរងគ្រោះ ដែលបានដឹងច្បាស់ពីស្ថានភាពរបស់ជនរងគ្រោះ និងបានរៀបចំសម្ភារសម្រាប់ធ្វើសកម្មភាពជាមុន ដូចជា ខ្នោះដៃ វ៉ាលី និងឧបករណ៍សម្រាប់ធ្វើទារុណកម្មជាដើម។ ជាពិសេស ក្រុមជនសង្ស័យបានត្រៀមទាំងរថយន្ត និងផ្ទះសម្រាប់ធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្តចំនួន៣គ្រឿងសម្រាប់ផ្លាស់ប្តូរគ្នា ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។

ក្រោយរៀបចំផែនការរួចរាល់ ជនសង្ស័យដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានទាក់ទងហៅជនរងគ្រោះឱ្យមកជួបនៅកាស៊ីណូមួយកន្លែងម្ដុំតោពីរ។ បន្ទាប់ពីជនរងគ្រោះទៅដល់ទីតាំង ក្រុមជនសង្ស័យបាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចធ្វើសកម្មភាពចាប់ខ្លួនភ្លាមៗ ដោយមានជនសង្ស័យ៤នាក់ ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលិសចិន និងអះអាងថា ជនរងគ្រោះបានប្រព្រឹត្តបទល្មើស ត្រូវបានប៉ូលិសចិនចាប់ខ្លួន។

បន្ទាប់មក ក្រុមជនសង្ស័យបានវាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលីធំពណ៌ខ្មៅ រួចរុញវ៉ាលីចេញពីកាស៊ីណូ យកទៅកាន់ផ្ទះវីឡាសម្រាប់ធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្តចំនួន៣គ្រឿង ផ្លាស់ប្តូរពីមួយទៅមួយ ដើម្បីគេចវេសពីការសង្ស័យរបស់សមត្ថកិច្ច។ នៅទីតាំងផ្ទះវីឡា ក្រុមជនសង្ស័យបានធ្វើទារុណកម្មយ៉ាងឃោរឃៅលើជនរងគ្រោះ និងធ្វើសកម្មភាពជំរិតទារប្រាក់ រហូតទទួលបានប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក។

គិតត្រឹមពេលចេញសេចក្តីរាយការណ៍ដើម ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាំយកទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…