គម្រោងចំណតឆ្លាវៃក្រុងព្រះសីហនុ (Smart Parking Project) តម្លៃប្រមាណ ១២លានដុល្លារអាមេរិក គ្រោងសាងសង់ឡើងនៅមុខផ្សារលើ ដើម្បីដោះស្រាយបញ្ហាកង្វះចំណត និងពង្រឹងសណ្តាប់ធ្នាប់នៃការចតយានជំនិះ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីតាំងមុខផ្សារលើ។
គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោមវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក ថេន សំវិសុទ្ធ អគ្គនាយកសហគ្រាសប្រៃសណីយ៍កម្ពុជា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។
បើតាមលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ គម្រោងចំណតឆ្លាតវៃនេះ គ្រោងសាងសង់កម្ពស់១២ជាន់លើផ្ទៃដីទំហំប្រមាណ ៣,៧០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពអាចចតរថយន្តបានប្រមាណ ២៤៦គ្រឿង ម៉ូតូ ៧៥២គ្រឿង រ៉ឺម៉កកងបី ៣០គ្រឿង និងរថយន្តក្រុង ៤គ្រឿង។ លោក ឯម ភាព បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារចំណតពហុមុខងារកម្ពស់១២ជាន់នេះ បានដាក់បញ្ជូលក្នុងបញ្ជីគម្រោងអាទិភាពក្នុងក្របខណ្ឌគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (គម្រោង PPP) ដែលនឹងត្រូវចាយពេល ៣ឆ្នាំក្នុងការសាងសង់ដោយដាក់បញ្ជូលរវាងទីតាំងការិយាល័យប្រៃសណីយ៍ និងទូរគមនាគមន៍ ទំហំ ១១៧ម៉ែត្រក្រឡា និងដីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុរួមគ្នាផងដែរ។ ប៉ុន្តែ លោកអភិបាលរងខេត្ត មិនបានបញ្ជាក់លម្អិតថា គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។
ចំណែក បទបង្ហាញរបស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសក្រុមហ៊ុន CRISIL Limitet ជាទីប្រឹក្សាប្រតិបត្តិការសម្រាប់គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុសម្រាប់អនុវត្តការងារជា ២ដំណាក់កាលរួមមាន៖ ដំណាក់កាលរៀបចំរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងដំណាក់កាលគាំទ្រការរៀបចំកិច្ចលទ្ធកម្មសម្រាប់គម្រោង។ បច្ចុប្បន្នទាំង២ដំណាក់កាលនេះ ត្រូវបានក្រុមហ៊ុនទីប្រឹក្សាបានបញ្ចប់ការសិក្សារួចរាល់ហើយ នៅឡើយតែការពិនិត្យអនុម័តលើឯកសារដេញថ្លៃ និងការផ្សព្វផ្សាយឯកសារដេញថ្លៃជាសាធារណៈប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងឯកសារដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ក្រុមហ៊ុនទីប្រឹក្សាបានស្នើឱ្យកំណត់ថ្លៃចំណតរថយន្ត២០០០រៀលក្នុងរយៈពេលតិចជាង២ម៉ោង និងបូកបន្ថែម១០០០រៀលរៀងរាល់១ម៉ោងបន្ថែម និងបញ្ចុះថ្លៃចំណតម៉ូតូ និងត្រីចក្រយានយន្តឱ្យមកនៅត្រឹម ១០០០រៀលក្នុងលើកដូចគ្នា។ មិនតែប៉ុណ្ណោះ តំណាងក្រសួង សង្ឃឹមថា នឹងគ្រោងប្រកាសឯកសារដេញថ្លៃជាសាធារណៈបាននៅអំឡុងខែកក្កដា ឆ្នាំ២០២៦ខាងមុខ និងបញ្ចប់ការដេញថ្លៃនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

























