ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ៥០០លានដុល្លារ កើនឡើងជាង ៥០%

KPS99TV

សេចក្តីសង្ខេប

យោងតាមទិន្នន័យគយដែលបានរាយការណ៍ ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីក្នុងខែមករា-មេសា ឆ្នាំ២០២៦ មានតម្លៃជាង៥០០លានដុល្លារ កើន៥១,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (មករា-មេសា) សម្រេចបានទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ៥១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានតម្លៃ ៣៥៣លានដុល្លារ។
ទិន្នន័យ GDCE បង្ហាញថា ក្នុងរយៈពេលខាងលើ កម្ពុជានាំចេញទំនិញទៅម៉ាឡេស៊ី មានតម្លៃ ៦៧លានដុល្លារ កើនឡើង ៤៧,៤% ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជា មានតម្លៃជាង ៤៦៧លានដុល្លារ កើនឡើង ៥២,១%។
លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា កម្ពុជាបានបង្វែរការនាំចូលទំនិញមួយចំនួនពីម៉ាឡេស៊ី បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយថៃ និងការធ្វើពហិការទំនិញថៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
ដោយឡែក យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាន ១,១ពាន់លានដុល្លារ កើនឡើង ២៤,៦៦%។ ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣លានដុល្លារ ថយចុះ ២,៥៥% ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជា មានតម្លៃ ៩៣៥លានដុល្លារ កើនឡើង ៣០,២៥%៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…