ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនេសាទម្នាក់ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយទូកនេសាទរបស់គាត់បានលិចកណ្តាលសមុទ្រ នៅវេលាម៉ោងប្រមាណ ១រំលងអាធ្រាត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នកនេសាទម្នាក់ត្រូវបានទូកនេសាទនៅក្បែរជួយស្រង់ឡើង បន្ទាប់ពីទូករបស់គាត់លិចនៅវេលាប្រមាណម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បានចេញទៅទទួល និងដឹកគាត់ត្រឡប់មកដីគោកដោយសុវត្ថិភាព។

នៅខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប័រល្បឿនលឿន ចេញទៅទទួលជនរងគ្រោះ បន្ទាប់ពីទទួលបានព័ត៌មានថា មានទូកនេសាទប្រភេទកន្ទុយវែងមួយគ្រឿងបានលិចកណ្តាលសមុទ្រនៅវេលាម៉ោងប្រមាណ ១រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះមានតែម្នាក់ឯងនៅលើទូក។ ក្រោយកើតហេតុ គាត់បានហែលទឹកនៅកណ្តាលសមុទ្រ មុនពេលត្រូវបានទូកនេសាទដែលនៅក្បែរនោះប្រទះឃើញ និងជួយស្រង់ឡើងលើទូកដោយសុវត្ថិភាព។ បន្ទាប់មក ក៏បានរាយការណ៍សុំអន្តរាគមន៍ ដើម្បីដឹកជនរងគ្រោះត្រឡប់មកដីគោកវិញ។

ជនរងគ្រោះមានឈ្មោះ មួន មុំ ភេទប្រុស មុខរបរនេសាទ មានស្រុកកំណើតនៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

តាមការរៀបរាប់របស់ជនរងគ្រោះ មូលហេតុដែលបណ្តាលឱ្យទូកលិច គឺដោយសារភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បង្កឱ្យមានរលកសមុទ្រធំៗ។ ខណៈពេលគាត់កំពុងបើកទូកត្រឡប់មកផ្ទះវិញ ស្រាប់តែរលកសមុទ្របោកបក់ខ្លាំង ចំទូករបស់គាត់ បណ្តាលឱ្យលិចតែម្តង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…