រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេតដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ ដើម្បីពន្លឿនការកកស្ទះនៅតាមក្រុង-ស្រុកទាំង៦

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពន្លឿនការដោះស្រាយសេវាស្នើសុំលើវិស័យអចលនទ្រព្យ ដែលកំពុងកកស្ទះនៅតាមក្រុង-ស្រុកទាំង៦ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានគោលបំណងជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានដាក់សំណើសុំសេវានាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ រៀបចំ និងបញ្ជូនឯកសារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេលយ៉ាងយូរ១ខែ ដើម្បីធានាថា ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានភាពរលូន លឿន និងមានប្រសិទ្ធភាពខ្ពស់។

លោកស្រី ឈួ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ ផ្តោតលើរបៀបវារៈសំខាន់ចំនួន៣ រួមមាន៖

១- វឌ្ឍនភាពនៃការផ្តល់សេវានៅតាមបណ្ដាក្រុង-ស្រុក
២- ការផ្តល់សេវាសាធារណៈរបស់សាខាពន្ធដារខេត្ត
៣- ការផ្តល់សេវារដ្ឋបាលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សេវាដែលនៅមានការកកស្ទះនៅតាមក្រុង-ស្រុកទាំង៦ មានសរុបចំនួន ៧៥៣សេវា ដែលជាទិន្នន័យគិតត្រឹមកិច្ចប្រជុំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះ អាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យសេវាកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន និងរាយការណ៍ពីបញ្ហាប្រឈមនានា ចំពោះសេវាមួយចំនួនដែលមិនទាន់អាចផ្តល់ជូនប្រជាពលរដ្ឋបាន ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តពិនិត្យ និងសម្រេចដោះស្រាយបន្ត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…