ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេច ហ៊ុន សែន ស្នើឱ្យបង្ក្រាបការឆបោកទន្ទឹមនឹងចាត់ការមន្ត្រីពាក់ព័ន្ធ

KPS99TV

សេចក្តីសង្ខេប

តាមអ្នកនាំពាក្យ ជា ធីរិទ្ធ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភា ហ៊ុន សែន បានស្នើឱ្យបង្ក្រាបការឆបោកតាមអនឡាញ ទន្ទឹមនឹងស៊ើបអង្កេត និងចាត់ការតាមតុលាការលើមន្ត្រីពាក់ព័ន្ធ។ លោកថ្លែងនៅកោះពេជ្រ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានប្រកាសចំពោះការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹង Online Scams ដោយសម្តេចបានណែនាំបន្ថែមថា ការបង្ក្រាបបទល្មើសនេះ ត្រូវដើរទន្ទឹមជាមួយការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធ ខណៈកន្លងមកសម្តេចបានឃើញមានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនោះមិនមែនត្រឹមតែដកដំណែងប៉ុណ្ណោះទេ គប្បីត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។

អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានលើកឡើងថា សម្តេចស្វាគមន៍ជាមួយការដកចោលមន្ត្រី និងផ្តល់អនុសាសន៍ ការបង្ក្រាបការឆបោក ត្រូវដើរទន្ទឹមជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ។ កន្លងមកសម្តេចបានឃើញបានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែសម្តេចសុំផ្តល់មតិ ២កម្រិត អ្នកជាប់ពាក់ព័ន្ធមិនមែនត្រឹមដកដំណែងទេ ត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ បើកការស៊ើបអង្កេត និងចោទប្រកាន់តាមផ្លូវតុលាការ។ ក្រុមនេះមិនអាចរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ មន្ត្រីមហន្តរាយ។ សម្តេចណែនាំដោយត្រូវដកចេញពីតំណែង (បើចៅហ្វាយស្រុកណា ខេត្តណា មន្ត្រីណាមិនព្រមធ្វើ អសកម្ម សូមដកចេញ)។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្តល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ សួរឱ្យបានច្បាស់ពីការចូលមកប្រទេសកម្ពុជា តើឆ្លងកាត់ និងចូលមកពីណា តាមណា? ខ្លះមកពីប្រទេសឆ្ងាយដែលមិនមានព្រំដែនជាប់ទេ។ នេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកទេ ប៉ុន្តែវាជារឿងសកល។
សម្តេចតេជោ បន្ថែមទៀតថា បទល្មើសឆបោកតាមអនឡាញនេះ បានបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ហើយក្រុមពួកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចក្លាយជាក្រុមគំរាមកំហែងប្រទេសជាតិទៅថ្ងៃអនាគតដែរ។ ហេតុនេះកម្ពុជា ត្រូវបង្ក្រាបអោយអស់ចេញពីកម្ពុជា៕ ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…