នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានដឹកនាំកម្លាំងចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត សរុប៥ទីតាំង ដែលសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញ។



ការត្រួតពិនិត្យគ្របដណ្តប់៣ទីតាំងនៅក្រុងប៉ៃលិន និង២ទីតាំងនៅស្រុកសាលាក្រៅ។ អាជ្ញាធរបានដកហូតសម្ភារមួយចំនួននៅទីតាំងមួយ ដែលសង្ស័យពាក់ព័ន្ធសកម្មភាពខុសច្បាប់។
ជាមួយគ្នានេះ ជនបរទេស១៧នាក់ដែលស្នាក់នៅក្បែរទីតាំងនោះ ត្រូវបានឃាត់ដើម្បីពិនិត្យអត្តសញ្ញាណ និងឯកសារស្នាក់នៅ ហើយបន្តនីតិវិធី។




អាជ្ញាធរបានថ្លែងថា ការត្រួតពិនិត្យនឹងបន្តនៅតំបន់ស្នាក់នៅប្រមូលផ្តុំ និងគោលដៅសំខាន់ៗទូទាំងខេត្ត ព្រមទាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិសំខាន់ៗ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
អាជ្ញាធរបានថ្លែងថា ប្រតិបត្តិការនេះមានគោលបំណងទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស និងបង្ការ ព្រមទាំងបង្ក្រាបបទល្មើស ដូចជាការជួញដូរមនុស្ស និងការឆបោកតាមអនឡាញ។






