ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប៉ៃលិនត្រួតពិនិត្យទីតាំងសង្ស័យឆបោកតាមអនឡាញ និងឃាត់ជនបរទេស១៧នាក់ពិនិត្យឯកសារ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរប៉ៃលិនបានត្រួតពិនិត្យ៥ទីតាំង នៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ជនបរទេស១៧នាក់ដែលស្នាក់នៅក្បែរទីតាំងមួយ ត្រូវបានឃាត់ដើម្បីពិនិត្យឯកសារ និងបន្តនីតិវិធី មិនមែនជាការបញ្ជាក់ថាមានទោសឡើយ។

អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scams) នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅទីតាំងសរុបចំនួន ៥កន្លែង រួមមានផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ដែលសង្ស័យថា លួចបង្កប់សកម្មភាពខុសច្បាប់ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា។
ក្នុងការចុះប្រតិបត្តិការ សមត្ថកិច្ចបានបង្ក្រាបទីតាំងមួយកន្លែង និងរឹបអូសសម្ភារៈមួយចំនួន ដែលគេសង្ស័យថា ប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់។ ទន្ទឹមនឹងនេះ ក៏បានឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់ ដែលស្នាក់នៅក្បែរទីតាំងខាងលើ ដើម្បីត្រួតពិនិត្យឯកសារ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលនេះ នឹងបន្តអនុវត្តនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងគោលដៅសំខាន់ៗទូទាំងខេត្ត ព្រមទាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីពង្រឹងសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
អាជ្ញាធរខេត្តក៏បានបញ្ជាក់ថា ប្រតិបត្តិការនេះ មានគោលបំណងរឹតបន្តឹងការគ្រប់គ្រងសុវត្ថិភាព និងទប់ស្កាត់ការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…