ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីសង្ស័យជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថស្រុកព្រៃនប់ចំនួន ៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញ៉ែម ចំរ៉ុង នាយសេនាធិការ ចុះប្រតិបត្តិការនៅចំណុចបន្ទប់ស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់តូច ទម្ងន់សរុប ២,៨០ក្រាម (ទាំងសម្បក) ទូរសព្ទដៃចំនួន ៦គ្រឿង ដបសម្រាប់ជក់ចំនួន ៣ ខ្សៀជក់ចំនួន ៥ ដែកកេះចំនួន ២ដើម និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
តាមសេចក្តីរាយការណ៍នៅពេលនោះ ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ សុខ ស៊ីណាន












