ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បន្តកែលម្អ បន្ទាប់ពីជាប់បេក្ខភាព «Top 5» ឆ្នាំ២០២៥

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ បន្ទាប់ពីជាប់បេក្ខភាព «Top 5» នៃការប្រកួតអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពសាលា។

សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ជាបេក្ខភាពជ័យលាភីប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥លើកដំបូង ហើយបច្ចុប្បន្នកំពុងជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5»។

ទោះបីជាលទ្ធផលទទួលបានមានភាពល្អប្រសើរគួរជាទីគាប់ចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែសាលាបឋមសិក្សាមួយនេះ នៅតែបន្តអភិវឌ្ឍន៍ខ្លួនថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យនៃការសម្រាំងជ្រើសយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ដល់លេខ៥ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។

បន្ទាប់ពីជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5» ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពនៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។ ក្នុងនោះ ឯកឧត្តមបានជំរុញឱ្យលោកគ្រូ-អ្នកគ្រូជួយខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យមានសោភណ្ឌភាពកាន់តែស្រស់បំព្រងបន្ថែមទៀត ជាពិសេសត្រូវពង្រឹងសមត្ថភាពក្នុងការបណ្តុះបណ្តាល និងអប់រំដល់សិស្សានុសិស្ស ដើម្បីលើកកិត្តិយសយើងទាំងអស់គ្នាផង និងខេត្តព្រះសីហនុផង។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KPS99 កាលពីថ្ងៃទី០២ ខែមេសាកន្លងទៅ លោកស្រី គឹម ឆេង នាយិកាសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ និងលោកគ្រូ-អ្នកគ្រូ បានបង្ហាញក្តីសង្ឃឹមថា សាលានឹងលើកពានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។ ចំណែក លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានប្តេជ្ញាថា នឹងយកពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥ ឱ្យទាល់តែបាន ខណៈបច្ចុប្បន្នសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុបានជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5»  ហើយក៏កំពុងស្ថិតក្នុងដំណាក់កាលសម្រាំងជ្រើសយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ដល់លេខ៥ ដោយគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ)ផងដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…