អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ហើយមានគោលបំណងធានាសុវត្ថិភាពចំណី អាហារនាំចូលក្នុងប្រទេសចិន និងបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ដើម្បីធានាបាននូវដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនចូលទៅប្រទេសចិនទាំងអស់ ត្រូវត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិថ្មី ដូចមានចែងក្នុងឯកសារភ្ជាប់ជូនមកជាមួយ៕
ដោយ៖ ង៉ែត ពិសាន្ត







