រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ បង្ហាញ «ឱកាសមាស» ទាក់ទាញវិនិយោគិនចិនជិត ៥០ក្រុមហ៊ុន នៅទីក្រុងហឺហ្វី ខេត្តអានហួយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើបទបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ជូនដល់អ្នកវិនិយោគចិនមកពីក្រុមហ៊ុនធំៗប្រមាណជិត ៥០ក្រុមហ៊ុន នៅទីក្រុងហឺហ្វី ខេត្តអានហួយ ប្រទេសចិន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងបទបង្ហាញ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តព្រះសីហនុ គឺជា «តារារះនៅទិសនិរតី» នៃប្រទេសកម្ពុជា ដោយមានសក្តានុពលខ្លាំងទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ខេត្តមានកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ព្រមទាំងមានព្រលានយន្តហោះអន្តរជាតិ និងផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ ដែលជួយសម្រួលការដឹកជញ្ជូន និងភ្ជាប់ពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមក៏បានបង្ហាញពីភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសអន្តរជាតិជាច្រើនកំពុងដំណើរការ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» តាមរយៈផែនការមេ ដើម្បីទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងវិស័យកែច្នៃសម្រាប់នាំចេញ។

គោលបំណងសំខាន់នៃទស្សនកិច្ចនេះ គឺដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម ព្រមទាំងទាក់ទាញអ្នកវិនិយោគចិនឱ្យមកបណ្តាក់ទុនបន្ថែមលើវិស័យផលិតកម្ម គ្រឿងអេឡិចត្រូនិក និងសេវាកម្មទំនើប។ ជាមួយគ្នានេះ ក៏មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តព្រះសីហនុ និងខេត្តអានហួយ ឱ្យកាន់តែជិតស្និទ្ធ ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» រវាងកម្ពុជា–ចិន។

ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានលើកឡើងអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការលើកលែងពន្ធ ការសម្រួលនីតិវិធីរដ្ឋបាល និងការគាំទ្រផ្សេងៗសម្រាប់អ្នកវិនិយោគ។

ជាលទ្ធផល អ្នកវិនិយោគចិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុនមួយចំនួនក៏បានបង្ហាញបំណងមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅខេត្តព្រះសីហនុនាពេលខាងមុខ ដើម្បីស្វែងរកឱកាសសហការវិនិយោគលើគម្រោងជាក់ស្តែងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…