កំពត៖ ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។ នេះបើយោងតាមសារព័ត៍មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ប្រភពខាងលើបានឱ្យដឹងថា នគរបាល និងអាវុធហត្ថជាង ៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលពួកគេបានរួមគ្នាបង្កើត បទល្មើសថ្មី ដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូ ដែលបង្ក្រាប Scam Online ដើម្បីលួចយកសម្ភារជាវត្ថុតាងនៃបទល្មើស។
ក្រោយមានការផ្សារព័ត៍មាននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញបំភ្លឺយ៉ាងដូច្នេះថា «សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងខ្ញុំកំពុងបន្តនិតិវិធី ។ សូមសាធារណៈជនទាំងអស់ជ្រាបជាពត៏មាន»៕ ដោយ៖ ឡាយ កុល










