ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបសណ្ឋាគារ «៦៦៦៨» នៅផ្លូវណតប្រ៊ីត ឃាត់ជនជាតិចិន ៦នាក់ សង្ស័យពាក់ព័ន្ធបណ្តាញ Online Scam និងគ្រឿងញៀន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិន៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងការត្រួតពិនិត្យសណ្ឋាគារ៦៦៦៨នៅខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែឧសភា។ ឧបករណ៍អេឡិចត្រូនិក និងសារធាតុសង្ស័យជាគ្រឿងញៀន ត្រូវបានដកហូតដើម្បីបន្តស្រាវជ្រាវ។

កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨» ស្ថិតនៅផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង និងការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនជាតិចិនទាំង ៦នាក់ មាន ១នាក់ផុតទិដ្ឋាការ ២នាក់គ្មានលិខិតឆ្លងដែន និង ២នាក់ទៀតប្រើលិខិតឆ្លងដែនក្លែងក្លាយ។
ក្នុងការឆែកឆេរ សមត្ថកិច្ចបានដកហូតកុំព្យូទ័រយួរដៃ ៣គ្រឿង ទូរស័ព្ទដៃ ៧៤គ្រឿង អេក្រង់កុំព្យូទ័រ ១គ្រឿង ព្រមទាំងសារធាតុសង្ស័យជាគ្រឿងញៀន ថ្នាំគ្រាប់ WY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់ គ្រាប់អាវុធខ្លី ៥គ្រាប់ អត្តសញ្ញាណប័ណ្ណប៉ូលីសចិន ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។
តាមការធ្វើកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិក ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងខាងលើពាក់ព័ន្ធនឹងសកម្មភាពរក្សាទុកឧបករណ៍សង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនជំនាញពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈអាជ្ញាធរបន្តស្រាវជ្រាវរកបណ្តាញពាក់ព័ន្ធបន្ថែម។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបបទល្មើស Online Scam ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារសន្តិសុខសង្គម និងកិត្តិយសប្រទេសកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…