យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចុះថ្ងៃទី២៨ ខែឧសភា តំណាងក្រុមហ៊ុនកូរ៉េចំនួន៥ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦ ដើម្បីសិក្សាឱកាសវិនិយោគ។
កាលពីថ្ងៃទី២៦ ខែឧសភា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបលោក Lee Moon-cheol នាយកប្រតិបត្តិក្រុមហ៊ុន Aerobi និងលោក Song Young-ho គ្រូបង្វឹកកីឡាវាយសី នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ជំនួបនេះមានការសម្របសម្រួលដោយលោក Kim Yun-tae នាយកសារមន្ទីរពហុវប្បធម៌កូរ៉េ។

លោក Kim បានជម្រាបពីវឌ្ឍនភាពនៃការទាក់ទងអ្នកវិនិយោគកូរ៉េដែលចាប់អារម្មណ៍សិក្សាឱកាសវិនិយោគនៅកម្ពុជា។ លោកបានបញ្ជាក់ថា មានគម្រោងដឹកនាំតំណាងក្រុមហ៊ុនចំនួន៥ មកកម្ពុជាជាជំហានដំបូង នៅខែមិថុនា។
លោកបានស្នើឱ្យស្ថានទូតជួយសម្របសម្រួលជំនួបជាមួយក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីឱកាសវិនិយោគនាពេលអនាគត។

ឯកអគ្គរាជទូតបានថ្លែងអំណរគុណលោក Kim ចំពោះការសហការ និងការសម្របសម្រួលទាក់ទងក្រុមហ៊ុន ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជានាពេលកន្លងមក។
ឯកអគ្គរាជទូតបានបញ្ជាក់ថា ស្ថានទូតនឹងជួយសម្របសម្រួលដំណើរទស្សនកិច្ច និងជំនួបជាមួយភាគីពាក់ព័ន្ធកម្ពុជា ព្រមទាំងបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។






