មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពាក់ព័ន្ធករណីលួចវត្ថុតាងក្នុងសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកើតឡើងនៅទីតាំងកាស៊ីណូមួយ ស្ថិតនៅតំបន់ព្រែកចាក ខេត្តកំពត។
យោងតាមការស៊ើបអង្កេត អ្នកពាក់ព័ន្ធទាំង ៥៤នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា បានរួមគំនិតគ្នាលួចយកវត្ថុតាងដែលសមត្ថកិច្ចបានរឹបអូសពីទីតាំងប្រព្រឹត្តបទល្មើស Online Scam ក្នុងអគារកាស៊ីណូមួយរបស់អតីតឧកញ៉ា លី គួង ក្រោយពេលប្រតិបត្តិការបង្ក្រាបត្រូវបានអនុវត្តរួច។
វត្ថុតាងដែលត្រូវបានលួចយក រួមមានទូរសព្ទដៃ កុំព្យូទ័រ និងសម្ភារមានតម្លៃជាច្រើនផ្សេងទៀត ដែលមានតម្លៃសរុបរាប់ម៉ឺនដុល្លារអាម៉េរិក។ ក្រោយការស្រាវជ្រាវ និងប្រមូលភស្តុតាង សមត្ថកិច្ចបានចាត់វិធានការតាមផ្លូវច្បាប់ និងផ្ទេរសំណុំរឿងពីខេត្តកំពត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
ក្នុងចំណោមអ្នកត្រូវបានចោទប្រកាន់ មានទាំងស្នងការរងទទួលបន្ទុកការងារព្រំដែន អធិការនគរបាលស្រុកកំពង់ត្រាច អធិការរង មេបញ្ជាការវរនគរបាលការពារព្រំដែន មន្ត្រីអាវុធហត្ថខេត្តកំពត ព្រមទាំងអ្នកទទួលផលចោរកម្មផ្សេងទៀត។
បើតាមអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ និងបញ្ជូនឱ្យចៅក្រមស៊ើបសួរ ពីបទ «ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស», «លុបបំបាត់ភស្តុតាង», «លួចដោយមានស្ថានទម្ងន់ទោស» និង «ទទួលផលចោរកម្ម» តាមមាត្រា ២៨, ២៩, ៣៥៣, ៣៥៧, ៣៩៩, ៤០០ និង មាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបសួររបស់តុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់៕ ដោយ៖ ប៉ៃ សុឃីម



























