បន្ទាប់ពីផ្ទេរទៅទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារនៅខេត្តជាប់ព្រំដែន ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន។ បើតាមអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខកំពុងឈរជើងការពារអធិបតេយ្យជាតិ។
សូមជម្រាបថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះ ទណ្ឌិតជាក្មេងទំនើងចំនួន ៦៥១នាក់ បានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និង១៣៩នាក់ទៀតបានបញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យ។ ផ្អែកតាមរបាយការណ៍ពីមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ទណ្ឌិតជាក្មេងទំនើងខាងលើ បានអនុវត្តយ៉ាងសកម្មស្របតាមវិធានការនានាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផង។
ដោយ៖ ង៉ែត ពិសាន្ត






















