ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងចំណោមស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោកឆ្នាំ២០២៦អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ៥

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងកម្មវិធី World’s Best New Airport Terminal 2026 របស់ Skytrax។ ពានរង្វាន់នេះវាយតម្លៃស្ថានីយថ្មីដែលបើកក្នុងរយៈពេល១៨ខែមុនពានរង្វាន់ ដោយពិនិត្យបរិក្ខារ សេវាកម្មបុគ្គលិក និងបទពិសោធន៍អ្នកដំណើរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ (World’s Best New Airport Terminal 2026) តាមការវាយតម្លៃរបស់ Skytrax World Airport Awards។

ការវាយតម្លៃនេះផ្អែកលើគុណភាពហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារអាកាសយានដ្ឋាន សេវាកម្មផ្តល់ជូនអ្នកដំណើរ គុណភាពបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។ ពានរង្វាន់នេះផ្តល់ជូនអគារស្ថានីយអ្នកដំណើរថ្មី ដែលបានដាក់ឱ្យដំណើរការក្នុងរយៈពេល ១៨ ខែ មុនការប្រគល់ពានរង្វាន់។ លទ្ធផលនេះត្រូវបានប្រកាសជាផ្លូវការនៅក្នុងពិធីប្រគល់ពានរង្វាន់ Skytrax World Airport Awards 2026 ដែលរៀបចំឡើងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុង London ចក្រភពអង់គ្លេស ស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់នេះ គឺជាការទទួលស្គាល់លើឆាកអន្តរជាតិចំពោះគុណភាព និងស្តង់ដាររបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនឹងរួមចំណែកលើកកម្ពស់វិស័យអាកាសចរណ៍ ទេសចរណ៍ និងការទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។

ចំពោះចំណាត់ថ្នាក់កំពូលទាំង៥ នៃស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦រួមមាន៖
1.  អាកាសយានដ្ឋាន Aso Kumamoto Airport – ជប៉ុន
2.  អាកាសយានដ្ឋាន Terminal 3, Guangzhou Baiyun International Airport – ចិន
3.  អាកាសយានដ្ឋាន Terminal 1, San Diego International Airport – សហរដ្ឋអាម៉េរិក
4.  អាកាសយានដ្ឋាន Navi Mumbai International Airport – ឥណ្ឌា
5.  អាកាសយានដ្ឋាន Techo International Airport – កម្ពុជា

សមិទ្ធផលនេះបានបង្ហាញពីការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់កម្ពុជា និងការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…