ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងវិស័យអប់រំ និងសុខាភិបាល គឺជាការវិនិយោគដ៏សំខាន់សម្រាប់ការពារជាតិរយៈពេលវែង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ការវិនិយោគលើការអប់រំ សុខាភិបាល និងធនធានមនុស្ស គឺជាមូលដ្ឋានសំខាន់សម្រាប់ការពារជាតិរយៈពេលវែង។

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចការពារជាតិគឺជាបេសកកម្មដែលត្រូវអនុវត្តជាបន្តបន្ទាប់ និងរយៈពេលយូរអង្វែង ដរាបណាប្រទេសជាតិនៅតែមានអធិបតេយ្យភាព និងត្រូវការការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

សម្តេចថ្លែងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងជាតិ និងការពារជាតិឱ្យរឹងមាំ គឺផ្អែកលើធនធានមនុស្សដែលមានគុណភាព។ ដូច្នេះ ការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រឹងសមត្ថភាពជាតិ មិនអាចពឹងផ្អែកតែលើកងទ័ពអាជីព ឬកងទ័ពកាតព្វកិច្ចប៉ុណ្ណោះបានទេ។
សម្តេចបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋនៅមានកម្រិតចំណេះដឹងទាប និងបញ្ហាសុខភាពនៅមិនទាន់ល្អប្រសើរ នោះការអភិវឌ្ឍជាតិ និងការពារជាតិក៏នឹងប្រឈមបញ្ហាផងដែរ។ ហេតុនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគផ្នែកសុខភាព ចាប់តាំងពីដំណាក់កាលស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំកុមារក្នុងរយៈពេលពីរឆ្នាំដំបូង។
សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងមាតាបន្ទាប់ពីសម្រាលកូន ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងស្ត្រីជាប់ឃុំក្នុងពន្ធនាគារ ដោយសារកុមារគឺជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវកុំឱ្យមើលឃើញថា ការពារជាតិគ្រាន់តែជាការចំណាយថវិកាទៅលើក្រសួងការពារជាតិប៉ុណ្ណោះ ព្រោះការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល ក៏ជាផ្នែកសំខាន់នៃការពង្រឹងសមត្ថភាពការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…