ភ្នំពេញ៖ នៅក្នុងខណ្ឌដង្កោ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ក្រោយពលរដ្ឋប្រទះឃើញសពជនជាតិចិនម្នាក់ ត្រូវបានគេយកទៅផ្លុងចោល ដែលព័ត៌មាននេះត្រូវបាន គេចែកចាយ ជាពិសេសជនជាតិចិនបានយកទៅបង្ហោះយ៉ាងច្រើននៅក្នុងបណ្តាញសង្គម WeChat និងបណ្តាញសង្គមផ្សេងទៀត នាំឱ្យជនជាតិចិនមួយចំនួនមានការគិតមិនល្អពីស្ថានភាពសន្តិសុខក្នុងស្រុករបស់យើង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមជនដៃដល់ដែលជាជនជាតិចិនគ្នាឯង មកកាត់ទោសតាមច្បាប់។
សូមជម្រាបថា ជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកសម្លាប់ ហើយដឹកយកមកផ្លុងចោលក្នុងរថយន្តព្រូស (Prius) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-1311 នៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្មីៗនេះ បានឱ្យដឹងថា «ករណីឃាដ្ឋកម្ម ដែលជនជាតិចិនចាក់សម្លាប់ជនជាតិចិនគ្នាឯង រួចដាក់ក្នុងរថយន្តព្រុស ផ្លុងចោលនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយនាយកដ្ឋានជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លូនជនសង្ស័យ»៕ ដោយ៖ ឡាយ កុល














