កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ១៣៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលសង្ស័យប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមអនឡាញ។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ១នាក់ ហើយទាំងអស់ជាជនជាតិចិន។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម














