ទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី២០ ខែកក្កដាថា លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងជាប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសប្រឆាំងព័ត៌មានក្លែងក្លាយ បានមានប្រសាសន៍នៅថ្ងៃនេះថា៖ «យុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយបាននិងកំពុងទៅដល់គ្រប់ច្រកល្ហកតាមបណ្ដាខេត្តទូទាំងប្រទេស និងរាជធានី ដើម្បីធានាសន្តិសុខព័ត៌មានសម្រាប់សហគមន៍ និងសង្គមជាតិ និងការពារប្រជាពលរដ្ឋពីផលប៉ះពាល់ផ្សេងៗដែលបណ្ដាលមកពីព័ត៌មានក្លែងក្លាយ ការប្រឌិតខ្លឹមសារ ការបំភ្លៃការពិត ការបង្កការភាន់ច្រឡំ និងការបោកបញ្ឆោត»។
លោកថា ទង្វើទាំងនេះច្រើនតែបម្រើគោលដៅនយោបាយរបស់មនុស្សមួយចំនួន ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមតូចៗ។
លោកបានបញ្ជាក់ថា៖ «យុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជនទូទាំងប្រទេស។ ក្នុងការអនុវត្តតាមបណ្ដាខេត្តនិងក្រុង ការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានធ្វើឱ្យយុទ្ធនាការនេះប្រែក្លាយបន្តិចម្ដងៗជាចលនាជាតិ ដើម្បីទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម»។
លោកបានសង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការនេះស្របនឹងស្ថានការណ៍បច្ចុប្បន្ន ព្រោះកម្ពុជាក៏ដូចជាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មាននាំឱ្យយល់ច្រឡំ និងព័ត៌មានប្រឌិត ជាពិសេសតាមបណ្ដាញសង្គម។
លោកមានប្រសាសន៍ថា ការងារនេះនឹងជួយលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ឱ្យក្លាយជាបន្តិចម្ដងៗជា «ពលរដ្ឋឌីជីថលល្អ» ដែលចេះទទួល និងចែករំលែកព័ត៌មានឱ្យបានត្រឹមត្រូវ និងដោយទទួលខុសត្រូវ ជាពិសេសនៅលើបណ្ដាញសង្គម ព្រមទាំងអាចបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិត។
តាមសេចក្ដីរាយការណ៍ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយ៨៧៣ករណី ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងសរុប១,៧៥៧ករណីក្នុងឆមាសទី១។ តួលេខឆមាសទី១នេះកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ចងក្រងដោយទូរទស្សន៍យើង
កែសម្រួល៖ 赵毅







