ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាថ្កោលទោសការបំផ្លាញជណ្តើរឡើងប្រាសាទខ្នារនិងជំទាស់សកម្មភាពថៃនៅប្រាសាទតាក្របី

KPS99TV

សេចក្តីសង្ខេប

ក្រសួងវប្បធម៌ថ្កោលទោសការបំផ្លាញជណ្តើរឈើប្រាសាទខ្នារនិងតវ៉ាផែនការសកម្មភាពថៃនៅតាក្របី។ សេចក្តីថ្លែងការណ៍៥ មិថុនាលើក១១៨១កាំ ប្រវែង៣២៥ម៉ែត្រ និងអះអាងអធិបតេយ្យភាពកម្ពុជា ដោយអំពាវនាវឱ្យបញ្ឈប់សកម្មភាពនិងដោះស្រាយតាមច្បាប់និងការទូត។

ក្រសួងវប្បធម៌កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារដោយកងកម្លាំងយោធាថៃដែលខំសាងសង់ដោយអាជ្ញាធរកម្ពុជាកាលពីឆ្នាំ២០១៧ សម្រាប់ការអភិរក្សបេតិកភណ្ឌ និងសម្រួលដល់ការចូលទស្សនារបស់សាធារណជន។ មិនតែប៉ុណ្ណោះ ក្រសួងបានតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃក្នុងការរៀបចំពិធីសាសនា សកម្មភាពទេសចរណ៍ និងលក់សំបុត្រចូលទស្សនានៅប្រាសាទតាក្របី។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា បានបញ្ជាក់ថា ជណ្តើរដែលយោធាថៃបានបំផ្លាញនោះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ។ ក្រសួងចាត់ទុកទង្វើនេះថា ជាការបង្កការខូចខាតធ្ងន់ធ្ងរនិងដោយចេតនាដល់បេតិកភណ្ឌវប្បធម៌ និងជាការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតំបន់ប្រាសាទ ដែលផ្ទុយនឹងគោលការណ៍ និងកាតព្វកិច្ចរដ្ឋភាគីអន្តរជាតិក្នុងការការពារបេតិកភណ្ឌវប្បធម៌។

ក្រៅពីនេះ ក្រសួងវប្បធម៌កម្ពុជា បានបដិសេធ និងតវ៉ាចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំពិធីសាសនា សកម្មភាពទេសចរណ៍ និងលក់សំបុត្រចូលទស្សនានៅប្រាសាទតាក្របី ដោយអះអាងថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ក្រសួងបញ្ជាក់ថា ការរៀបចំសកម្មភាពទាំងនេះដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជាមិនអាចទទួលយកសកម្មភាពទាំងនេះបានឡើយ និងថាសកម្មភាពទាំងនេះបង្កើតជាការយល់ច្រឡំ។ ក្រសួងវប្បធម៌បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ដែលប៉ះពាល់ដល់បេតិកភណ្ឌ និងអធិបតេយ្យភាពកម្ពុជា និងអះអាងថា កម្ពុជានឹងបន្តការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…