នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ទូទាំងប្រទេស ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង និងបើកទ្វារទៅកាន់ឱកាសសិក្សាបន្តនៅគ្រឹះស្ថានឧត្តមសិក្សាតាមក្តីប្រាថ្នារបស់ខ្លួន។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិនិត្យស្ថានភាពសាលារៀន ស្វែងយល់ពីការរៀនសូត្រ និងតម្រូវការរបស់សិស្សដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងដ៏សំខាន់នាពេលខាងមុខ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យសិស្សានុសិស្សយកសៀវភៅមេរៀនសង្ខេបដែលក្រសួងបានរៀបចំចែកជូន ទៅសិក្សា ពិនិត្យឡើងវិញ និងអនុវត្តលំហាត់ឱ្យបានច្រើន ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមខ្លួនប្រកបដោយទំនុកចិត្តសម្រាប់ការប្រឡង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រឡងជាប់ជាមួយនិទ្ទេសល្អ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ទទួលបានអាហារូបករណ៍ និងបន្តការសិក្សាលើជំនាញដែលខ្លួនស្រឡាញ់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីការខិតខំរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងក្រុមការងារក្រសួងអប់រំ ក៏ត្រូវបន្តផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងគ្រប់រូបភាព ដើម្បីធានាថាសិស្សានុសិស្សទទួលបានចំណេះដឹង និងការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ សម្រាប់សម្រេចបាននូវលទ្ធផលសមស្របនឹងការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។
ក្នុងឱកាសនោះដែរ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងកោតសរសើរ និងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សហគមន៍ និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិទ្យាល័យ ហ៊ុន សែន កងតាណឹង ឱ្យក្លាយជាសាលារៀនគំរូមួយដែលមានគុណភាព និងកេរ្តិ៍ឈ្មោះល្អនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានបញ្ជាក់ថា ភាពរីកចម្រើនរបស់សាលារៀន គឺជាលទ្ធផលនៃការវិនិយោគត្រឹមត្រូវលើវិស័យអប់រំ ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាលារៀន មាតាបិតា សហគមន៍ និងសិស្សានុសិស្ស ដែលជាកត្តាសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគតប្រទេសជាតិ។ ដោយ៖ សុខ ស៊ីណាន










