រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«កិច្ចព្រមព្រៀងបើកចំហជើងមេឃ»រវាងកម្ពុជានិងអាម៉េរិកបានសម្រេចជាស្ថាពរក្រោយប្រើពេលចរចារាប់ឆ្នាំ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រវត្តិសាស្រ្តថ្មី បន្ទាប់ពីប្រើពេលចរចារាប់ឆ្នាំ នៅពេលនេះប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិកបានសម្រេចជាស្ថាពរនូវ«កិច្ចព្រមព្រៀងបើកចំហជើងមេឃ» កាលពីថ្ងៃទី០៥ ខែមិថុនា ដែលរំពឹងថា ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីររ នឹងជំរុញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិកមកកម្ពុជា, ការដោះដូរពាណិជ្ជកម្ម និងកំណើនអ្នកធ្វើដំណើរជាដើម។

បើតាមជំនួបកំពូលរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក ហាន វ៉ានឌឺថុល (Hunt VanderToll) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី០៥មិថុនា បានបញ្ជាក់ថា លទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រនៃជំនួបនេះ គឺការពិភាក្សាបញ្ចប់ការចរចារលើឯកសារសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងសហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសទាំងពីរមានការរំពឹងទុកខ្ពស់អំពីការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ដែលនឹងជំរុញការវិនិយោគបន្ថែមពីសហរដ្ឋអាម៉េរិកមកកម្ពុជា, ការដោះដូរពាណិជ្ជកម្ម និងកំណើនអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងខាងលើ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា «កិច្ចព្រមព្រៀងបើកចំហជើងមេឃ»នេះ ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្របន្ទាប់ពីភាគីទាំងពីរបានចំណាយពេលចរចាអូសបន្លាយរហូតដល់រយៈពេលជាងមួយទសវត្សរ៍។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្តថា កិច្ចព្រមព្រៀងនេះ គឺជាយន្តការសេរីភាវូបនីយកម្មទីផ្សារដឹកជញ្ជូនផ្លូវអាកាស ដោយលុបបំបាត់រាល់ការរឹតបន្តឹងចាស់ៗ រវាងប្រទេសជាភាគី រួមមាន លុបបំបាត់ការកម្រិតចំនួនជើងហោះហើរ និងចំនួនក្រុមហ៊ុនអាកាសចរណ៍ ហើយបើកទូលាយសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ មិនកំណត់ទំហំប្រភេទយន្តហោះ និងផ្តល់សិទ្ធិដឹកជញ្ជូនផ្លូវអាកាស និងការតភ្ជាប់ទិសដៅហោះហើរដោយសេរី និងបត់បែន។

ទោះបីជាក្នុងរយៈពេលខ្លី ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មិនទាន់អាចលេចរូបរាងឡើងភ្លាមៗក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានច្បាប់ និងនីតិវិធីដ៏រឹងមាំ។ ដោយឡែក មុននឹងឈានដល់ការហោះត្រង់ ក្រុមហ៊ុនអាកាសចរណ៍អាចពង្រីកការតភ្ជាប់តាមរយៈជើងហោះហើរតភ្ជាប់ និងកិច្ចព្រមព្រៀងលក់សំបុត្ររួមគ្នា។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបញ្ជាក់បន្ថែមថា ការដែលសហរដ្ឋអាម៉េរិកបង្ហាញការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍កម្ពុជា ជាពិសេស «អាកាសយានដ្ឋានអន្តរជាតិតេជោ» គឺជាការទទួលស្គាល់ជាសកលថា កម្ពុជាជាគោលដៅវិនិយោគប្រកបដោយស្ថិរភាព និងជាច្រកតភ្ជាប់ផ្លូវអាកាសដ៏សំខាន់មួយក្នុងតំបន់។

គួរជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រថ្មីៗចំនួន ២,៥ ប៊ីលានដុល្លារ (២.៥០០ លានដុល្លារ) នៅក្នុងប្រទេសមួយចំនួន ដែលមានគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់អាម៉េរិក ពង្រីកការនាំចេញថាមពលរបស់អាម៉េរិក គាំទ្រដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ក្នុងចំណោមគម្រោងដែលបានអនុម័តទាំងនោះ DFC មានផែនការវិនិយោគលើការគាំទ្រដល់ការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…